ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

រដ្ឋសភា ចាប់ផ្ដើមដំណើរការពិនិត្យសិក្សាច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ

១៥ តុលា ២០២១ | ព័ត៌មានជាតិ

 

 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន ក្នុងនោះ ក៏មានសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញផងដែរ។ កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ 


ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ 


សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី៨ ខែតុលា  ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។


បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តមប្រយោជន៍សម្រាប់ជាតិខ្មែរ។  ព្រះករុណាជាម្ចាស់ជីវិតលើត្បូងក៏រាជានុញ្ញាតចំពោះដំណើរការវិសោធនកម្មនេះដែរ។

 


ដោយឡែកពាក់ព័ន្ធនឹងកិច្ចប្រជុំនាព្រឹកមិញនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ឯកឧត្តម ប៉ា សុជាតិវង្ស គឺជាអតីតអភិបាលរាជធានីភ្នំពេញ៕
 

 

 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ រដ្ឋសភា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024