ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មន្ត្រីនាំពាក្យថា ការអប់រំបែបឌីជីថល នៅតែជាមធ្យោបាយដ៏សំខាន់ នៃការអប់រំនៅកម្ពុជា

១៥ តុលា ២០២១ | ព័ត៌មានជាតិ



បើទោះបីជាពេលនេះ សាលារៀននៅទូទាំងប្រទេស ត្រូវបានបើកដំណើរការឡើងវិញបណ្តើរៗ ហើយត្រូវបានរំពឹងថា នឹងមានការបើកសាលារៀនជាបន្តបន្ទាប់ទៀតក្តី ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងអប់រំ អះអាងថា ការអប់រំបែបឌីជីថល នៅតែជាមធ្យោបាយដ៏សំខាន់បំផុតមួយដដែល ដែលតាមពិតទៅ ការអប់រំបែបឌីជីថល គឺជាគោលដៅរបស់ក្រសួងអប់រំ នៅក្នុងសតវត្សរ៍ទី២១ នេះ តែម្តង ។ 

 



បើទោះបីជាសាលារៀនត្រូវបានបើកដំណើរការឡើងវិញជាបណ្តើរៗហើយក្តី ក៏ការអប់រំបែបឌីជីថល នៅតែជាមធ្យោបាយដ៏សំខាន់បំផុតមួយ សម្រាប់វិស័យអប់រំនៅកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ មធ្យោបាយ ឬ វេទិការ អប់រំបែបឌីជីថលសំខាន់ៗរបស់ក្រសួងអប់រំមានចំនួន ៥ ។ នេះគឺជាការអះអាងរបស់ឯកឧត្តមបណ្ឌិត រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ។

 


គប្បីរំឭកឡើងវិញថា ការអប់រំបែបឌីជីថល រួមទាំងការសិក្សាពីចម្ងាយ និង ការអប់រំបែបចម្រុះផងនេះ មិនមែនទើបតែត្រូវបានក្រសួងអប់រំ ផ្តួចផ្តើម និង ដាក់ឱ្យអនុវត្តបន្ទាប់ពីកម្ពុជា រងការរាតត្បាតញាំញី ដោយជំងឺកូវីដ-១៩ នេះទេ មែនទែនទៅ ចក្ខុវិស័យ និង យន្តការ នៃ ការអប់រំបែបឌីជីថល នេះ ត្រូវបានក្រសួងអប់រំ និង ស្ថាប័នពាក់ព័ន្ធ បានដាក់ចេញ និង ខិតខំជំរុញឱ្យអនុវត្តតាំងពីប៉ុន្មានឆ្នាំមកហើយ ដែលមធ្យោបាយ នៃ ការអប់រំបែបឌីជីថល នេះ ត្រូវបានក្រសួងអប់រំ និង ស្ថាប័នពាក់ព័ន្ធទទួលស្គាល់ និង ចាត់ទុកថាជាមធ្យោបាយអប់រំដ៏សំខាន់មួយ ដើម្បី ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យា ៤.០ របស់ពិភពលោក នៃ សតវត្សរ៍ទី២១ នេះ ។

 


គួរកត់សម្គាល់ផងដែរថា ជាផ្នែកមួយ នៃ ការពង្រឹងបន្ថែមនូវគុណភាពអប់រំ ដោយរួមទាំងការអប់រំបែបឌីជីថល ផង ក្នុងឆ្នាំ ២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និង កំពុងបណ្ដុះបណ្ដាលជាស៊េរី តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទសំខាន់ៗមួយចំនួនដូចជា ៖

១ វេទិការអប់រំអេឡិចត្រូនិកសម្រាប់បឋមសិក្សា និងមធ្យមសិក្សា 

២ វិធីសាស្ត្របង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដោយប្រើប្រាស់ Google Workspace for Education 

៣ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញដល់ការសិក្សាបែបចម្រុះក្នុងបរិបទកូវីដ-១៩ 

៤ របៀបងាយៗក្នុងការផលិតមាតិកាអប់រំឌីជីថល 

៥ មូលដ្ឋានគ្រឹះ នៃ អក្ខរកម្មទិន្នន័យ 

៦ ការរក្សាសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិតក្នុងបរិបទកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលពីចម្ងាយជាស៊េរីតាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ត្រូវបានផ្ដល់ជូនដល់ បុគ្គលិកអប់រំនៅតាមមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡាទូទាំងប្រទេស គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ ( Education-Digital )

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024