ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណក្សកម្ពុជានិយម និងឲ្យស្ថាបនិកគណបក្សបេះដូងជាតិ កែសម្រួលឯកសារឡើងវិញ

២៥ កក្កដា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃទី២៣ ខែកក្កដានេះ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះថា «គណបក្សកម្ពុជានិយម»។ នៅថ្ងៃនេះដដែល ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតឲ្យស្ថាបនិកគណបក្សបេះដូងជាតិ កែសម្រួលឯកសារឡើងវិញ មុននឹងក្រសួង ទទួលចុះបញ្ជី ទទួលស្គាល់ជាផ្លូវការ។

 


ក្នុងលិខិត ជម្រាបជូនលោក អូក អ៊ី តំណាងស្ថាបនិកគណក្សកម្ពុជានិយម នៅថ្ងៃទី២៣ ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សកម្ពុជានិយម» ដែលសរសេរជាអក្សរកាត់ «ប.ក» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មី កួរស្រូវទី៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល ១៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដោយឡែក ក្នុងលិខិតដាច់ដោយឡែកមួយទៀត ក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជី គណបក្សបេះដូងជាតិ។ 

 


ក្រសួងមហាផ្ទៃ យល់ថា សំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួន រួមមាន៖ ១.សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន ២.គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់កណបក្ស ៣.ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិក ចំនួន ៣នាក់យ៉ាងតិច។ 


ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ លើកឡើងថា លក្ខន្តិកៈរបស់គណបក្សបេះដូងជាតិ បានកំណត់កាលបរិច្ឆេទនៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំឡើង ពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា ១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។

 


ក្រសួងមហាផ្ទៃ តម្រូវឲ្យគណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់ៗ នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញ យ៉ាងយូរក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕


អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024