ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយចំនួន៩ ដែលរំលោភច្បាប់

៣០ សីហា ២០១៧ | ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់លិខិត នៅថ្ងៃទី២៩ ខែសីហា ជូន​ប្រ​ធានតុលាការកំពូល ដើម្បី​ប្តឹងរំលាយគណបក្សនយោបាយចំនួន៩​។ គណបក្សនយោបាយទាំង ៩នោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា បានប្រព្រឹត្តល្មើសនឹងច្បាប់ ស្តីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃ​ ជាបន្តបន្ទាប់​។

 

 

នៅក្នុងលិខិត សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនប្រធានតុលាការកំពូល​ថា គណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួមមាន គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សស្ត្រីសង្គ្រោះកម្ពុជា និង​គណបក្សសេរីបង្រួបបង្រួមជាតិ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ បទល្មើសនើ គឺការ​មិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃតាមឆ្នាំនីមួយៗ ជាបន្តបន្ទាប់ ហើយកំពុងជាប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ។

 

 

ទន្ទឹមនឹង​នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រម​ផ្អាកសកម្មភាពបណ្តោះអាសន្ន ចំពោះគណបក្សនយោ​បាយចំនួន ៤ ក្នុងចំណោម ៩ គណបក្សខាងលើនេះ រួមមាន គណបក្សនាងនាគនារីខ្មែរ គណបកក្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ត្រីសង្គ្រោះកម្ពុជា។

 

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មកដល់ពេលនេះ គណបក្សនយោបាយខាងលើ មិនបានបំពេញកាតព្វកិច្ច ក្នុងការបំពេញបែបបទ ផ្ញើមកក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិ ដូចមានចែងនៅក្នុងមាត្រា ២៦ថ្មី និងមាត្រា ៤៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ​

 

 

របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា​ គិតមកដល់ដំណាច់ឆ្នាំ២០១៦ គណបក្សនយោបាយ នៅកម្ពុជា មានចំនួនសរុប ៦៩ គណបក្ស ក្នុងនោះ គណបក្សបានបង្កើត តែមិនទាន់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន ២៥ គណបក្ស និងគណបក្សនយោបាយ ដែលបានចុះបញ្ជី ចំនួន ៤៤ គណបក្ស៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024