ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អ្នកនយោបាយប្រឆាំងចាស់វស្សា លោក ប៉ុល ហំម និងអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត សុំសិទ្ធិធ្វើនយោបាយឡើងវិញ  

១៩ ឧសភា ២០២១ | ព័ត៌មានជាតិ

អ្នកនយោបាយចាស់វស្សា និងលេចធ្លោក្នុងជួរមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង គឺលោក ប៉ុល ហំម បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ជាមួយគ្នានេះ ក៏មានមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត បានស្នើសុំដូចគ្នាដែរ។ គិតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំបក្សប្រឆាំងប្រមាណជាង ២០រូបហើយ បានស្នើសុំសិទ្ធិ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ 

 


ក្នុងលិខិតដាច់ដោយឡែក គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានអុកត្រាចូលទទួលដោយអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃនាថ្ងៃទី១៨ ខែឧសភានេះ លោក ប៉ុល ហំម អ្នកនយោបាយជើងចាស់នៃអតីតគណបក្សប្រឆាំង និងលោក ផាន់ ច័ន្ទសាក់ អតីតមន្ត្រីជាន់ខ្ពស់ បានផ្ដិតមេដៃស្នើសុំសម្ដេចក្រឡាហោមពិនិត្យតាមនីតិវិធីដើម្បីផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។

 


ជាការកត់សំគាល់ ដ្បិតលិខិតនេះធ្វើឡើងដាច់ដោយឡែកពីគ្នា ប៉ុន្តែជាទម្រង់ខ្លឹមសាររួម រួមទាំងកាលបរិច្ឆេទស្នើសុំ ពោល គឺខុសគ្នាតែឈ្មោះសាមីអ្នកស្នើសុំ និងទីកន្លែងចុះហត្ថលេខាលើលិខិតស្នើសុំប៉ុណ្ណោះ។ សូមបញ្ជាក់ថាលោក ប៉ុល ហំម មានតួនាទីជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានអតីតគណបក្សប្រឆាំង។ ចំណែកលោក ផាន់ ច័ន្ទសាក់ ជាអតីតសមាជិកគណៈកម្មាធិការនាយក។ 

 

  
PNN បានព្យាយាមទាក់ទងលោក ប៉ុល ហំម ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែក៏មិនអាចទំនាក់ទំនងបានដូចប្រព័ន្ធផ្សាយផ្សេងទៀតដែរ ខណៈលោក ផាន់ ច័ន្ទ សាក់ បានអះអាងថា ការសុំសិទ្ធិធ្វើនយោបាយវិញនេះ គឺដើម្បី ត្រៀមខ្លួនប្រកួតប្រជែងសំឡេងឆ្នោត ជាមួយគណបក្សកាន់អំណាច ដោយនឹងចូលរួមជាមួយគណបក្សកែទម្រង់ កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន។


  

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិជិត ២០រូបហើយ ដែលស្នើសុំ និង ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ជាបន្តបន្ទាប់។ មានមេដឹកនាំ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ ត្រូវបានតុលាការកំពូលហាមធ្វើនយោបាយរយៈពេល ៥ឆ្នាំ ស្របពេលគណបក្សសង្គ្រោះជាតិត្រូវបាន រំលាយ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024