ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អតីតតំណាងរាស្រ្តបក្សប្រឆាំង លោកស្រី លី ស្រីវីណា បាននីតិសម្បទា ធ្វើនយោបាយ និងសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

១៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

លោកស្រី លី ស្រីវីណា អតីតអ្នកតំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញហើយ។ ព្រះរាជក្រឹត្យផ្ដល់នីតិសម្បទារបស់ដល់លោកស្រីរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រូវបានចេញផ្សាយនៅថ្ងៃម្សិលមិញនេះ។ មិនត្រឹមតែទទួលបានសិទ្ធិធ្វើនយោបាយនោះឡើយ លោកស្រីក៏ទទួលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

 

 

ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិមណ្ឌលភ្នំពេញ ដែលត្រូវបានតុលាការកំពូល សម្រេចមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា។

 

 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទានជូនលោកស្រី លី ស្រីវីណា បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក៏បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

 

បើតាមលិខិតដែលបានផ្សព្វផ្សាយ អតីតអ្នកតំណាងរាស្រ្តអតីតបក្សប្រឆាំងរូបនេះ ក៏បានដាក់លិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា និងទទួលបានការស្វាគមន៍ពីសម្ដេចប្រធានគណបក្សផងដែរ។ នៅក្នុងលិខិតសរសេរផ្ទាល់ដៃជូនសម្ដេចតេជោ លោកស្រីបានអរគុណសម្ដេចដែលបានបញ្ជូនលោកស្រីទៅរៀននៅក្រៅប្រទេសកាលពីឆ្នាំ១៩៨៩ និងថាដើម្បីជាការតបស្នងគុណនេះ លោកស្រីចង់យកចំណេះដឹងចូលរួមលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងស្នើចូលរួមកសារងប្រទេស និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់សម្ដេចសម្ដេចរហូតតទៅដោយគ្មានលក្ខណ្ឌ។

 

 

មួយថ្ងៃក្រោយ គឺនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតដោយលើកយកករណីលោកស្រី លី ស្រីវីណា មកភ្ជាប់នឹងទស្សនៈ «ទឹកត្រជាក់ត្រីកុំ»។ បើតាមសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចរូបនេះ ទឹកត្រជាក់ត្រីកុំ ចាស់បុរាណខ្មែរ ចង់មានន័យថាកន្លែងណាមានថ្នាក់ដឹកនាំល្អ ប្រកបដោយគុណធម៌ កូនចៅឬថ្នាក់ក្រោមតែងតែស្មោះស្រ័គ្រ និងចង់រួមរស់ជាមួយ ហើយថាបើកន្លែងណាទឹកក្តៅ ត្រីនឹងរត់ចេញហើយ។

 

 

លោក មើលឃើញមូលហេតុថា ការដែលមន្ត្រីអតីតគណបក្សប្រឆាំង ចុះចូលជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ គឺដោយសារតែការរង់ចាំអតីតគណបក្សប្រឆាំង កាន់តែអស់ពេលហើយ។ លោក បន្តថា ចំពោះករណីអ្នកស្រី លី ស្រីវីណា ចូលរួមជាមួយគណបក្សកាន់អំណាច គឺដោយសារអ្នកស្រី បាត់ជំនឿលើអតីតគណបក្សប្រឆាំង ដែលគ្មានថ្ងៃរស់ឡើងវិញ។

សូមបញ្ជាក់ថា ក្នុងចំណោមអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលជាប់បំរាមធ្វើនយោបាយជាង១១០នាក់ គិមកដល់ពេលនេះមាន១៤នាក់ហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។ អ្នកទាំង១៤រូបនោះ សុទ្ធតែជាអតីតថ្នាក់ដឹកនាំមានឥទ្ធិពលក្នុងជួរអតីតគណបក្សប្រឆាំង ដូចយ៉ាងលោក គង់ គាំ និងលោក សុន ឆ័យ ជាដើម៕

 

អត្ថបទ៖ រ៉េន រតនៈ​ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024