ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីពាក់ព័ន្ធសូមឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម និងគ្រុនឈីក ជាពិសេសកុមារ

០៩ មិថុនា ២០២១ | ព័ត៌មានជាតិ

នៅឆមាសទី១ ឆ្នាំ២០២១ នេះ តួលេខនៃជំងឺគ្រុនឈាម និងគ្រុនឈីក មិនជាខ្ពស់ ក៏ពិតមែន ប៉ុន្តែមន្ត្រីទទួលបន្ទុកអះអាងថា ចំនួនពិតប្រាកដ នៃអ្នកកើតជំងឺគ្រុនឈាម និងគ្រុនឈីក អាចខ្ពស់ជាងនេះ ដោយសារប្រជាជនខ្លាចកូវីដ-១៩ មិនហ៊ានទៅពេទ្យ ទើបតួលេខមិនខ្ពស់។  ហេតុនេះ ទាំងមន្ត្រីទទួលបន្ទុកជំងឺគ្រុនឈាម ក៏ដូចជា អគ្គលេខាធិការក្រុមប្រឹក្សាជាតិ ដើម្បី កុមារ បានក្រើនរំឭកឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ជាពិសេសកុមារ ធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ ព្រោះបច្ចុប្បន្ន គឺជារដូវភ្លៀងធ្លាក់។

 


ឆមាសទី១ នៃឆ្នាំ២០២១ នេះ នៅទូទាំងប្រទេសកម្ពុជា ជំងឺគ្រុនឈាម មានចំនួន ៦៨១ ករណី ស្លាប់ ១ ករណី។ ចំណែកជំងឺគ្រុនឈីក មានចំនួន ៤៤៧ ករណី គ្មានករណីស្លាប់ទេ។ ទោះយ៉ាងណាតួលេខនេះ មិនមែនតួលេខពិតប្រាកដឡើយ យើងជឿថា តួលេខពិតប្រាកដ គឺខ្ពស់ជាងនេះ។ ប៉ុន្តែដោយសារប្រជាជនភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ ទើបពេលមានបញ្ហាសុខភាព ពួកគាត់មិនហ៊ានទៅមន្ទីរពេទ្យ ជាហេតុនាំឱ្យករណីរបស់ពួកគាត់ មិនត្រូវបានកត់បញ្ចូលនៅក្នុងបញ្ជីទិន្នន័យឡើយ ទើបតួលេខទាបបែបនេះ។ នេះគឺជាការអះអាង និងពន្យល់របស់លោកវេជ្ជបណ្ឌិត លាង រិទ្ធា នាយកកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ ប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ។

 


កុមារនៅតែជាក្រុមមនុស្ស ដែលប្រឈមនឹងជំងឺគ្រុនឈាម និងគ្រុនឈីកខ្ពស់ជាងគេដដែល ហេតុនេះ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានក្រើនរំឭកដល់មាតាបិតាអាណាព្យាបាល និងអ្នកធ្វើការលើវិស័យកុមារនៅទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះកុមារពីជំងឺគ្រុនឈាម និងគ្រុនឈីក។

 


មធ្យោបាយល្អបំផុត ដើម្បីកុំឱ្យកើតជំងឺគ្រុនឈាម និងគ្រុនឈីក នៅតែដដែល គឺធ្វើយ៉ាងណាកុំឱ្យមូសខ្លាញីខាំ ដូចជាស្លៀកសម្លៀកបំពាក់ដៃជើងវែង ទទួលទានដំណេកក្នុងមុង កម្ចាត់របស់អ្វីក៏ដោយដែលដក់ទឹកនាំឱ្យមូសខ្លាអាចពង និងញាស់កូនបាន ដូចជាសំបក សំបកកំប៉ុង សំបកកង់ឡា សម្អាតបរិស្ថានជុំវិញផ្ទះ និង ក្នុងផ្ទះ លាងពាងទឹក ២ ទៅ ៣ ដង ក្នុង ១ សប្តាហ៍ និង ដាក់ថ្នាំអាបេតជាដើម នៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងចាំបាច់។ នេះបើតាមការពន្យល់យ៉ាងសង្ខេបរបស់លោកវេជ្ជបណ្ឌិត លាង រិទ្ធា ដដែល៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024