ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ថាប័នជំនាញអំនាវពាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ មុនពេលទិញស្រាយកទៅប្រើប្រាស់ ឬបរិភោគ

០២ មិថុនា ២០២១ | ព័ត៌មានជាតិ

ស្ថាប័នជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ មុនពេលទិញស្រា យកទៅប្រើប្រាស់ ឬបរិភោគ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ពុលស្រា នៅខេត្តកំពត និងនៅខេត្តកណ្ដាល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ជាង២០ នាក់។

 


យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន ២២នាក់ បានស្លាប់ក្នុងករណីពុលស្រាស ស្រាថ្នាំកាលពីខែឧសភាឆ្នាំ២០២១ កន្លងទៅ។ ក្នុងនោះករណីពុលស្រា នៅភូមិសារិកាកែវ ឃុំតាស្គរ ស្រុកល្វាឯម ខេត្តកណ្តាលកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១  បានបណ្តាលឱ្យប្រជាពលរដ្ឋចំនួន១២នាក់ស្លាប់ និងមានប្រជាពលរដ្ឋជាច្រើននាក់ត្រូវសម្រាកនៅមន្ទីរពេទ្យ។ ដោយឡែក ករណីពុលស្រា នៅភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត និងភូមិកាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១  បានបណ្តាលឱ្យ ប្រជាពលរដ្ឋចំនួន ១០នាក់ ស្លាប់ និងមានប្រជាពលរដ្ឋជាច្រើននាក់ត្រូវសម្រាកនៅមន្ទីរពេទ្យ។ 

 


យោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លទ្ធផលវិភាគពីវត្ថុសំណាកពាក់ព័ន្ធនានារបស់មន្ទីរពិសោធន៍បង្ហាញថា ស្រាស ស្រាថ្នាំទាំងនោះមានវត្តមានសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់ស្លាប់បាន។

 


អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់បញ្ជាក់ថា ជាទូទៅស្រាសដែលផលិតដោយការបិត (Distillation) ពីអង្ករតាមលក្ខណៈបច្ចេកទេសងាយៗ ឬតាមលក្ខណៈបុរាណ អាចមានបរិមាណសារធាតុមេតាណុលក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ការរកឃើញ វត្តមានសារធាតុ មេតាណុលក្នុងកម្រិតខ្ពស់ អាចបណ្ដាលមកពីការទិញវត្ថុធាតុដើម (អាល់កុល) ដែលជាមេតាណុល មកលាយដើម្បីផលិតស្រា។ 

 


ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដល់អាយុជីវិត អង្គភាពមួយនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ តាមរយៈការពិនិត្យ និង ជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់។ ដោយឡែក បងប្អូនអាជីវករ និងផលិតករដែលជាអ្នកផលិត និងកែច្នៃស្រាទាំងអស់ សូមផលិតតាមបច្ចេកទេស និងត្រូវបញ្ឈប់ការយកសារធាតុមេតាណុល ឬសារធាតុពុលផ្សេងៗទៀតមកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់ សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ និងត្រូវប្រឈមមុខចំពោះច្បាប់ ជាធរមាន។

 


សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានកើតឡើងករណីពុលស ជាបន្តបន្ទាប់ ចំនួន០៤លើកនៅខេត្ត ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ដែលបង្កឱ្យ ប្រជាពលរដ្ឋចំនួន២៨នាក់ បាត់បង់ជីវិត និងមានជនរងគ្រោះរាប់រយនាក់ផ្សេងទៀត រងផលប៉ះពាល់ដល់សុខភាពត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024