ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមានថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំ នៅក្នុងសហគមន៍

២៧ កក្កដា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រកាសព្រមានថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជន រួមទាំងបង្កផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរមួយ។

 

    
ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើង តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី២៦ ខែកក្កដានេះ ជូនអភិបាលរាជធានីខេត្ត ទាំង ២៥។ ជាលិខិត ដែលមានកម្មវត្ថុ ណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ ទូទាំងប្រទេស ឲ្យបន្តអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗ ជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឲ្យបានត្រឹមត្រូវ។


ក្នុងលិខិតដែល ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានលើកឡើងថា ការមកដល់នៃវីរុសបំប្លែងថ្មី ប្រភេទ «ដែលតា» ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿងជាងមុន និងបង្កជាជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឲ្យមានការប្រឹងប្រែងខ្លាំងបំផុត ក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ និងទប់ស្កាត់ការធ្លាយចូលក្នុងសហគមន៍នូវវីរុសកូវីដ១៩ ប្រភេទ ដែលតា។

 


ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចាត់ទុកថា ការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យឯកជន ក្នុងការអនុវត្តន៍វិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩។


ដូច្នេះដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង ៣កុំ» ការបើកយុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩ ដែលនៅបន្តមានជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗ ជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត៕


អត្ថបទ៖ លី ម៉េងហួរ         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024