ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មន្ត្រីថា គ្រុនឈាម និងគ្រុនឈីកថយចុះ ប៉ុន្តែមិនអាចធ្វេសប្រហែសទេ

០៦ កក្កដា ២០២១ | ព័ត៌មានជាតិ

អ្នកជំនាញ លើកឡើងថា ជំងឺគ្រុនឈាម និងគ្រុនឈីក នៅឆ្នាំ២០២១ នេះ នៅតែទាបជាង កាលពីឆ្នាំទៅម៉ិញ ដោយសារកត្តា ២យ៉ាង គឺប្រជាជនមិនហ៊ានទៅមន្ទីរពេទ្យ ដោយសារខ្លាចជំងឺកូវីដ-១៩ និង ដោយសារឥទ្ធិពល នៃយុទ្ធនាការអប់រំ កាលពីឆ្នាំទៅម៉ិញ។ ទោះយ៉ាងណា មន្ត្រីទទួលបន្ទុក ពន្យល់ថា អ្នកគ្រប់គ្នា មិនអាចធ្វេសប្រហែសបានទេ ត្រូវធ្វើយ៉ាង ណាកុំឱ្យមូសខ្លាញីខាំ ជាពិសេសកុមារ ព្រោះពេលមានជំងឺគ្រុនឈាម និងគ្រុនឈីក ក្រៅតែពីបញ្ហាថវិកាទៅ ក៏នៅអាចប្រឈមនឹងការឆ្លងកូវីដ-១៩ ទៀតផង ពេលទៅរកសេវាព្យាបាល។

 


គិតចាប់ពីដើមឆ្នាំ ២០២១ រហូតមកដល់ពេលនេះ មានអ្នកកើតជំងឺគ្រុនឈាមចំនួនជាង ៧០០ ករណី ស្លាប់ ១ ករណី ជំងឺគ្រុនឈីក ជាង ១ ០០០ ករណី និង គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈីកនេះទេ ។ ទិន្នន័យនេះគឺទាបប្រមាណជាជាង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅ ។ នេះគឺជាការអះអាង របស់លោកវេជ្ជបណ្ឌិត លាង រិទ្ធា នាយកកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ ប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ។

 


លោកវេជ្ជបណ្ឌិត លាង រិទ្ធា បានពន្យល់ថា មូលហេតុដែលទិន្នន័យ នៃ ករណីគ្រុនឈាម និង គ្រុនឈីក ឆ្នាំ ២០២១ ទាបយ៉ាងដូច្នេះ ដោយសារកត្តាសំខាន់ៗចំនួន ២ គឺ ទី ១ដោយសារប្រជាជនភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ មិនហ៊ានទៅមន្ទីរពេទ្យ ទើបករណីរបស់ពួកគាត់ មិនត្រូវបានកត់ត្រាបញ្ចូលនៅក្នុងបញ្ជីទិន្នន័យឡើយ ជាហេតុនាំឱ្យតួលេខទាបបែបនេះ ។ ទី ២ ដោយសារកាលពីឆ្នាំ ២០២០ ក្រសួងស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើយុទ្ធនាការសកម្មខ្លាំងក្លាគួរឱ្យកត់សម្គាល់ក្នុងការពន្យល់ប្រជាជនអំពីវិធីបង្ការការពារជំងឺគ្រុនឈាម និង គ្រុនឈីក ធ្វើឱ្យប្រជាជនមានការយល់ដឹង ១ កម្រិតថែមទៀត ហើយបន្តជះឥទ្ធិពលមកដល់បច្ចុប្បន្ននេះ ដែលបានសេចក្តីថា ពួកគាត់ចេះការពារខ្លួន និង គ្រួសារពីជំងឺគ្រុនឈាម និង គ្រុនឈីក ទើបតួលេខ នៃ ករណីគ្រុនឈាម និង គ្រុមឈីក បានធ្លាក់មកនៅទាបនាឆ្នាំ ២០២១ នេះ ។

 


ទោះយ៉ាងណា គ្រប់គ្នានៅតែមិនអាចធ្វេសប្រហែសបានឡើយចំពោះជំងឺគ្រុនឈាម និង គ្រុនឈីក ។ មិនអាចធ្វេសប្រហែស ដោយហេតុថា នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ នេះ ខណៈថវិកាមិនសូវធូរធាគឺជាបញ្ហាមួយទៅហើយនោះ ពេលមានបញ្ហាសុខភាពទៅមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គ្លីនិក ក៏គឺជាក្តីបារម្ភមួយទៀត ព្រោះវាអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ។ 


ក្នុងន័យនេះ ការការពារខ្លួននៅតែជាមធ្យោបាយល្អបំផុត ហើយវិធីការពារខ្លួនកុំឱ្យកើតជំងឺគ្រុនឈាម និង គ្រុនឈីក  នៅតែដដែល គឺធ្វើយ៉ាងណាកុំឱ្យមូសខ្លាញីខាំ ដូចជាស្លៀកសម្លៀកបំពាក់ដៃជើងវែង ទទួលទានដំណេកក្នុងមុង កម្ចាត់របស់អ្វីក៏ដោយដែលដក់ទឹកនាំឱ្យមូសខ្លាអាចពង និង ញាស់កូនបាន ដូចជាសំបកកំប៉ុង សំបកកង់ឡា សម្អាតបរិស្ថានជុំវិញផ្ទះ និង ក្នុងផ្ទះ លាងពាងទឹក ២ ទៅ ៣ ដង ក្នុង ១ សប្តាហ៍ ចិញ្ចឹមត្រី ៧ ពណ៌ និង ដាក់ថ្នាំអាបេតជាដើម នៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាព និង ចាំបាច់ ។ នេះបើតាមការពន្យល់យ៉ាងសង្ខេបរបស់លោកវេជ្ជបណ្ឌិត លាង រិទ្ធា ដដែល ។

 


ម្យ៉ាងទៀត កុមារនៅតែជាក្រុមមនុស្សដែលប្រឈមនឹងជំងឺគ្រុនឈាម និង គ្រុនឈីកខ្ពស់ជាងគេដដែល ហេតុនេះលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បី កុមារ ក្រើនរំឭកដល់មាតាបិតាអាណាព្យាបាល និង អ្នកធ្វើការលើវិស័យកុមារនៅទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះកុមារពីជំងឺគ្រុនឈាម និង គ្រុនឈីក ជាពិសេសនៅក្នុងរយៈពេល នៃ រដូវភ្លៀងធ្លាក់នេះ ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024