ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែស្ថិតក្នុងភាពមិនប្រាកដប្រជាកម្រិតខ្ពស់

០៣ មិថុនា ២០២១ | សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងជាថ្មីម្តងទៀតថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស។ 

 


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងអះអាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ជាមួយសមភាគីបារាំងកាលពីពេលថ្មីៗនេះថា សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចដោយផ្អែកលើសសរស្តម្ភ៣ ជាអទិភាព។

 


ឯកឧត្តមបញ្ជាក់ថា សរស្តម្ភសទី១គឺគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ និងទី២គឺប្រែក្លាយវិបត្តិទៅជាឱកាសដោយបង្កើនការធ្វើពិពិធកម្មនិងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម និងការ ពង្រឹងភាពធន់ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំងប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត។

 


ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានរំលឹកលើកឡើងថា ការរីករាលដាលជំងឺកូវីដ-១៩ បាន បង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំង សុខភាពសាធារណៈ ការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេស កម្ពុជាក៏មិនត្រូវបានរួចផុតពីការរីករាលដាលជំងឺនេះ។

 

 

ប្រការនេះបានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣% ក្នុងនោះការនាំចេញបានធ្លាក់ចុះជាង១% ខណៈឱនភាពថវិកាកើនឡើងដល់ជាង ៩ភាគរយ។ យ៉ាងណាកាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករដែរថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤ ភាគរយនៅឆ្នាំ២០២១នេះ និង ៥.៥ ភាគរយនៅឆ្នាំក្រោយដែលដឹកនាំដោយការងើបឡើងវិញដ៏រឹងមាំនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024