ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វិនិយោគិន សឹង្ហបុរី និងវិនិយោគិនក្នុងស្រុក បានសហការបោះទុនជាង ១លានដុល្លារ ជំរុញលើកកម្ពស់ការដាំបន្លែ និងផ្លែឈើ សុវត្ថិភាពនៅកម្ពុជា

១៨ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

វិនិយោគិនមកពីសឹង្ហបុរី បានចូលរួមសហការ ជាមួយវិនិយោគិនក្នុងស្រុកដោយបោះទុនវិនិយោគជាង ១លានដុល្លារ ។ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ជំរុញការដាំបន្លែសុវត្ថិភាពក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងការនាំចេញ។

 



លោក ឃិន ម៉ារិទ្ធ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន AgriON កម្ពុជាបានឲ្យដឹងថា គោលដៅចម្បងនៃក្រុមហ៊ុន AgriON កម្ពុជា គឺចង់ជួយប្រជាកសិករឲ្យមានជីវភាពល្អប្រសើ និងលើកទឹកចិត្តពួកគាត់ឲ្យដាំ ដុះ បន្លែដោយសុវត្ថិភាព និងមានគុណភាព ដោយអាចធានាការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញស្របតាមផែនការរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម។

 



លោក ឃិន ម៉ារិទ្ធ បានឲ្យដឹងទៀតថា AgriON កម្ពុជា នឹងជួយគាំទ្របច្ចេកទេស និងបច្ចេកវិទ្យាដល់កសិករខ្នាតតូចពីកសិកម្មវ័យឆ្លាតតាមការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ជូលការ កាត់បន្ថយហានិភយ័នៃគ្រោះមហន្តរាយក្នុងផលិតកម្ម និងការវិនិយោគកសិកម្ម ដើម្បីធានានូវការដាំដុះតាមផែនការ និងទទួលបានបន្លែ និងផ្លែឈើមានគុណភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានល្អ។

 


សូមជម្រាបថា  AgriON កម្ពុជាជាការចូលរួមសហគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនIAPPS ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ត្រូវបានបង្កើតឡើងតាំងពី ខែសីហាឆ្នាំ ២០២០ ដោយផ្តោតទៅលើអាជីវកម្ម បន្លែ និង ផ្លែឈើនៅក្នុងប្រទេសកម្ពុជា ដែលគិតមកពេលនេះមានប្រជាកសិករប្រមាណ ៤៥០គ្រួសារហើយបានចូលរួមសហការដាំបន្លែ និងផ្លែឈើសម្រាប់ក្រុមហ៊ុន។

 



បើតាមលោក ឃិន ម៉ារិទ្ធ ទីផ្សារគោលដៅបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនក្រៅពីកម្ពុជាគឺប្រទេសសឹង្ហបុរី និងជប៉ុន ប៉ុន្តែគិតមកដល់ពេលនេះក្រុមហ៊ុននេះមិនទាន់អាចនាំចេញបន្លែ និងផ្លែឈើពីកម្ពុជាបាននៅឡើយទេ ដោយសាបញ្ហាជំងឺកូវីដ ១៩ និងបញ្ហាដឹកជញ្ជូនបានបង្អាក់នៃផែនការនាំចេញនេះ៕

 

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024