ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគរោងចក្រសម្លៀកបំពាក់តម្លៃជាង២១លានដុល្លារ នៅដើមឆ្នាំ២០២១

០៥ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅបំណាច់ខែមករាឆ្នាំ២០២១ នេះបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ចំនួន៥ ដែលមាន តម្លៃជាង២១ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភ្នំពេញ ខេត្តកណ្តាល និងតាកែវ។

 


តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៃក្រុម ហ៊ុនទាំងប្រាំ ក្នុងចំណោមក្រុមហ៊ុន ១១ ដែលរដ្ឋាភិបាលបានសម្រេចអនុម័តនៅដើមឆ្នាំ ២០២១ គិតជាទំហំទឹកប្រាក់វិនិយោគសរុប ជិត ៤៤ លានដុល្លារ ដោយអាចបង្កើតការងារជូនពលរដ្ឋប្រមាណជាង ៧ពាន់៨០០កន្លែង។

 


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជាធ្លាប់បានគូសបញ្ជាក់ប្រាប់ភីអិនថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើមានការរំខាល់ដល់សេដ្ឋកិច្ច សកល ក៏ដូចជាកម្ពុជា យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន នៅកម្ពុជា ជាបន្តបន្ទាប់ ពោលគឺជារៀងរាល់សប្តាហ៍ តែងតែមានសំណើរសុំវិនិយោគរបស់អ្នកវិនិយោគមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីធ្វើការអនុម័ត។

 


ឯកឧត្តម សុខ ចិន្តាសោភាព ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា កម្ពុជាបច្ចុប្បន្ននៅតែទទួលបានអ្នកវិនិយោគមកស្នើសុំធ្វើការវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ដដែលសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ នៅបន្តក៏ដោយ ក៏និន្នាការនៃការស្នើសុំវិនិយោគនឹងនៅតែបន្តមានជាហូរហែរដូចកាលពីឆ្នាំ២០១៩ និងឆ្នាំ២០១៨ កន្លងទៅដែរ។

 


តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះជាង ៣ភាគរយ ប៉ុន្តែនឹងមានការកើនឡើងវិញ ៤ភាគរយននៅឆ្នាំ២០២១ នេះ ដោយក្នុងនោះវិស័យកាត់ដេរ ក៏បានបង្ហាញពីសញ្ញានៃការងើបឡើងវិញជុំវិញ ៤.៦ ភាគរយ ផងដែរក៏ព្រោះតែមានតម្រូវការកើនឡើងនៃប្រទេសដែលជាដៃគូ និងការដាក់ចេញ អនុវត្តយុទ្ធសាស្រ្តវិស័យកាត់ដេរនៅឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២០ វិស័យកាត់ដេរនេះធ្លាក់ចុះជាង ៦ភាគរយ៕
 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024