ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជារំពឹងទាក់ទាញការវិនិយោគកាន់តែខ្លាំងបន្ថែម ក្រោយពីច្បាប់វិនិយោគថ្មីអនុម័តឲ្យប្រើប្រាស់

០៣ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

កម្ពុជារំពឹងទាក់ទាញការវិនិយោគកាន់តែខ្លាំងបន្ថែមទៀតលើគ្រប់វិស័យ ក្រោយពីច្បាប់វិនិយោគថ្មីប្រកាសឱ្យប្រើប្រាស់ចាប់ពីអំឡុងខែមេសា ឆ្នាំ ២០២១នេះ តទៅ។

 

 

ការរំពឹងបែបនេះដោយសារតែច្បាប់ថ្មីនេះត្រូវបានកែសម្រួលបញ្ហាស្មុគស្មាញចំពោះវិនិយោគិនច្រើន រាប់ទាំងសម្ភារៈនាំចូលគាំទ្រដល់ការវិនិយោគមិនត្រូវបានគិតពន្ធអាករពិសេសទៀតនោះឡើយ ពោលគឺរាល់គម្រោងដែលបានស្នើសុំវិនិយោគក៏ត្រូវបានសម្រួលជាកញ្ចប់ពិសេសតែម្តង។

 


ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២១ កាលពីថ្ងៃទី ២៧ ខែមករា ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ច្បាប់ថ្មីនេះគឺផ្តល់ការលើកទឹកចិត្តជាពិសេសតែម្តងដល់ការវិនិយោគ ហើយនៅពេលច្បាប់នេះចេញឱ្យប្រើប្រាស់វានឹងធ្វើឱ្យបរិយាកាសវិនិយោគរបស់យើងរឹតតែល្អប្រសើរ ហើយទន្ទឹមនឹងមានការកែលម្អ បរិយាកាសវិនិយោគកាន់តែល្អ និងកាត់បន្ថយការចំណាយផ្សេងៗបន្ថែមនោះ វានឹងធ្វើឱ្យការវិនិយោគនៅកម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំង។

 


ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិបានគូសបញ្ជាក់ដែរថា ការកែប្រែនូវច្បាប់វិនិយោគថ្មីនេះគឺដើរស្របទៅនឹងស្ថានការណ៍សេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្ន ដែលអាចនិយាយបានថា ជាការគិតគូរ មួយដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងដំណើរការសម្រួចគោលនយោបាយវិនិយោគកាន់តែស្រួចជាងមុន ដើម្បីបង្កើនទាក់ទាញការវិនិយោគបន្ថែម។

 

បើតាមឯកឧត្តម ផាន់ ផល្លា ច្បាប់ថ្មីនេះបានបញ្ចប់ទាំងស្រុងហើយ ហើយនៅដើមខែ កុម្ភៈនឹងមានការពិភាក្សាគ្នានៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ហើយបន្ទាប់ពីនេះទៅនឹងដាក់ទៅគណៈរដ្ឋមន្ត្រី និងបន្តបន្ទាប់នឹងដាក់ជូនទៅរដ្ឋសភា។

 

ដូច្នេះប្រសិនបើដំណើរការទៅល្អ និងរលូន គឺអាចនៅខែមេសាខាងមុខ ច្បាប់ថ្មីនេះនឹងទៅដល់រដ្ឋសភា និងព្រឹទ្ធសភា ហើយអាចអនុម័តឱ្យប្រើប្រាស់តែម្តង។


សូមជម្រាបថា ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តឲ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024