ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្មវិធីបង្ហាញទេពកោសល្យកុមារដ៏ល្បីរបស់ PNN “តូច ខ្លឹម ខ្លាំង” ផ្អាកមួយរយៈ តែជំនួសមកវិញដោយ Special Show ដ៏ទាក់ទាញថ្មីមួយ

០៣ មិថុនា ២០២១ | កម្សាន្ដ

ដើម្បីឱ្យអ្នកទសស្សនាកាន់តែប្លែក និងមានអារម្មណ៍សប្បាយរីករាយពីស្ថានីយទូរទស្សន៍ PNN នឹងផ្អាកការផ្សាយកម្មវិធី”តូច ខ្លឹម ខ្លាំង”មួយរយៈដោយជំនួសមកវិញដោយ Special show ដ៏ទាក់ទាញថ្មីមួយ។

 


កម្មវិធីបង្ហាញទេពកោសល្យកុមារដ៏ល្បីល្បាញ «តូច ខ្លឹម ខ្លាំង» ដែលតែងកំដរអារម្មណ៍ប្រិយមិត្តភីអិនអិនរៀងរាល់សប្ដាហ៍ នឹងផ្អាកការប្រលងប្រជែងបង្ហាញសមត្ថភាពមួយរយៈ ហើយត្រូវជំនួសវិញ ដោយការសម្ដែងពិសេស ឬ “Special Show” គួរឲ្យចង់ទស្សនា។

 

 
លោក Romeo ផលិករកម្មវិធី «តូច ខ្លឹម ខ្លាំង» ឲ្យដឹងថា នៅចន្លោះពេលផ្អាកប្រមាណ ៨ ទៅ ១២សប្ដាហ៍នេះ កម្មវិធីនៅតែដំណើរការដូចធម្មតា តែត្រូវជំនួសវិញដោយសកម្មភាពសិល្បៈ ៣យ៉ាង ដែលលោកអះអាងថា នឹងមិនធ្វើឲ្យប្រិយមិត្តខកបំណងឡើយ។
 


ផលិតករខាងលើបង្ហើបថា សកម្មភាពក្នុងកម្មវិធីមានភាពសម្បូរបែប ក្នុងនោះកម្មវិធីនឹងអញ្ជើញតារាចម្រៀងកិត្តិយស ១រូប និងពន្លកសិល្បៈជំនាន់ថ្មី ២រូបផ្សេងទៀត មកច្រៀងទោល និងច្រៀងរួមគ្នាបែប Acoustic ។ តារាចម្រៀងកិត្តិយសនឹងសង្កេតលើទេពកោសល្យ ក៏ដូចជាចំនុចខ្វះខាតរបស់កូនក្រុមទាំង ២ ដើម្បីផ្ដល់ដំបូន្មានមាន និងលើកទឹកចិត្តឲ្យពួកគេដើរកាន់តែអង់អាច ទៅកាន់ក្ដីស្រមៃក្នុងវិស័យតន្ត្រី។

 


សម្រាប់គោលគំនិតផ្សេងទៀតនោះគឺ «តូច ខ្លឹម ខ្លាំង» នឹងមានការលេងល្បែងកម្សាន្ត (Game Show) ប្លែកៗសប្បាយៗ ធ្វើឲ្យអ្នកទស្សនារីករាយទៅតាមតារាកិត្តិយស បាត់អស់ទុក្ខកង្វល់ទាំងពួង។ ចំណែកការសម្ដែងមួយបែបទៀត កម្មវិធីនឹងអញ្ជើញក្រុមសម្ដែងសៀកដ៏ល្បីល្បាញប្រចាំប្រទេស អង្គការ «ហ្វារពន្លឺសិល្បៈ» មកសម្ដែងឈុតឆាកសៀករហស្សកម្មដ៏អស្ចារ្យ និងស្ទាត់ជំនាញ ថែមទាំងកំប្លុកកំប្លែងផងដែរ។

 


Special show ថ្មីប្លែកនេះនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១នេះតទៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយតារាកិត្តិយសដំបូងក្នុងកម្មវិធីដ៏ប្លែកមួយនេះគឺមានកញ្ញា បាន មុន្នីលក្ខណ៍ និងលោក វង្ស តារារតនា។

 

 

ដោយឡែកសម្រាប់ការបង្ហាញសមត្ថភាពទេពកោសល្យកុមារ «តូច ខ្លឹម ខ្លាំង» ដែលមានចំនួនអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គមឡើងដល់រាប់សិបលាននាក់ នឹងត្រលប់មកបម្រើអារម្មណ៍លោកអ្នកជាថ្មី បន្ទាប់ពី Special Show ទាំងអស់បានបញ្ចប់ជាផ្លូវការ៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024