ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីទទួលបន្ទុកថាការរំលោភបំពានលើកុមារតាមអ៊ីនធឺណេត និងឌីជីថល កំពុងកើនឡើង 

០៣ មិថុនា ២០២១ | ព័ត៌មានជាតិ

ខណៈការសិក្សា កំពុងបាញ់ឆ្ពោះទៅរកការអប់រំបែបឌីជីថល ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួងប្រៃសណីយ៍ ក៏ដូចជា ក្រសួងអប់រំ សុទ្ធតែបានបង្ហាញពីក្តីបារម្ភថា ការរំលោភបំពាន និងកេងប្រវ័ញ្ចទៅលើកុមារតាមប្រព័ន្ធកច្ចេកវិជ្ជាឌីជីថល និងអ៊ីនធឺណេត កំពុងមាននិន្នាការកើនឡើង។ ហេតុនេះ ក្រសួងស្ថាប័នទាំងនោះ ក្រើនរំឭកជាបន្តបន្ទាប់ ឱ្យមាតាបិតាអាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច។

 


សូមមាតាបិតាអាណាព្យាបាល និង អ្នកធ្វើការលើវិស័យកុមារទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចនូវការរំលោភបំពាន និង ការកេងប្រវ័ញ្ចកុមារពីជនខិលខូច តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធអ៊ីនធឺណេត ។ បង្កើនការប្រុងប្រយ័ត្នដោយហេតុ ការរំលោភបំពាន និង កេងប្រវ័ញ្ចកុមារតាមប្រព័ន្ធឌីចីថល និង អ៊ីនធឺណេត កំពុងមាននិន្នាការកើនឡើង គួរឱ្យព្រួយបារម្ភ ។ នេះគឺជាការលើកឡើងរបស់លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បី កុមារ ។

 


ខណៈពិភពលោក រួមទាំង កម្ពុជា ផង កំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក៏ដូចជា ដើម្បី ឆ្លើយតបទៅនឹងវិវឌ្ឍន៍ នៃ ឧស្សាហកម្មបច្ចេកវិជ្ជា ៤.០ នាសតវត្សរ៍ទី ២១ នេះផង ក្រសួងអប់រំ យុវជន និង កីឡា និង គ្រឹះស្ថានសិក្សានានា បាន និង កំពុងខិតខំប្រឹងប្រែងប្រែក្លាយវិស័យអប់រំ ឱ្យទៅជាការអប់រំបែបឌីជីថល និង ការសិក្សាតាមអនឡាញ។ ការសិក្សាបែបឌីជីថល ឬ តាមអនឡាញ កាន់តែច្រើន កុមារ ក៏ត្រូវពាក់ព័ន្ធនឹងអីនធឺណេត និង ប្រព័ន្ធបច្ចេកវិជ្ជាឌីជីថល កាន់តែច្រើន កុមារទទួលបានផលប្រយោជន៍ពីអ៊ីនធឺណេត និង បច្ចេកវិជ្ជាឌីជីថល កាន់តែច្រើន ប៉ុន្តែក៏ធ្វើឱ្យកុមារប្រឈមកាន់តែច្រើនដែរ ព្រោះជាឱកាសល្អសម្រាប់ជនខិលខូចប្រព្រឹត្តអំពើរំលោភបំពាន បៀតបៀន តាមប្រព័ន្ធអ៊ីនធឺណេត និង បច្ចេកវិជ្ជាឌីជីថលទៅលើកុមារ ។ 

 


ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអះអាងថា អ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ២៦ ភាគរយ នៅ កម្ពុជា ធ្លាប់រងការបៀតបៀន ហើយមួយភាគធំ នៃ ជនរងគ្រោះទាំងនោះ គឺជាកុមារ ។ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថលមួយដែលមានឈ្មោះថា   គិតគូរកូន ដើម្បី លើកកម្ពស់ការយល់ដឹងអំពីភាពអាចមានគ្រោះថ្នាក់ចំពោះកុមារ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ផ្តល់ព័ត៌មានចំបាច់ដល់ ឪពុក ម្តាយ និង អាណាព្យាបាលអំពីវិធីការពារ និង ដោះស្រាយបញ្ហាពាក់ព័ន្ធ។ ជាការកត់សម្គាល់កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធបានសហការគ្នាតាមដានចាប់ខ្លួន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវ ប្រឆាំងជនខិលខូចរំលោភបំពាន និងកេងប្រវ័ញ្ចកុមារជាបន្តបន្ទាប់។

 


ទោះយ៉ាងណា ការរំលោភបំពាន និងកេងប្រវ័ញ្ចកុមារ តាមប្រព័ន្ធបច្ចេកវិជ្ជាឌីជីថល នេះ ត្រូវបានទទួលស្គាល់ថាគឺជារឿងស្មុគ និង ពិបាកចាត់ការណាស់ ហេតុនេះក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បី កុមារ បានក្រើនរំឭកជាបន្តបន្ទាប់ដល់មាតាបិតាអាណាព្យាបាល ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួន ពីហានិភ័យនានា ដែលកើតពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ចាអ៊ីនធឺណេត និងប្រព័ន្ធឌីជីថល ហើយថាការចូលជាមួយយុទ្ធនាការ គិតគូរកូន គឺជាមធ្យោបាយដ៏ល្អប្រសើរមួយ សម្រាប់ការពារកុមារ៕


អត្ថបទ៖ ខឿន សាឃាង    រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024