ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា ដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ

៣០ កក្កដា ២០២០ | ព័ត៌មានជាតិ

ស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលធ្វើការលើវិស័យសុខុមាលភាពកុមារ យល់ស្របគ្នាថា បើទោះបីជា កម្ពុជា សម្រេចបានជោគជ័យ គួរឱ្យកត់សម្គាល់ក្តី ក៏កុមារ នៅតែរងការគំរាមកំហែង រួមទាំងការរំលោភបំពានកេងប្រវ័ញ្ចទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ ដូច្នេះ ទើបនៅថ្ងៃនេះ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និងអ្នកពាក់ព័ន្ធ បានដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីការពារកុមារ ដោយមានលក្ខណៈជាប្រព័ន្ធ ៥ ចំណុច វិធានការ ៤ ចំណុច និងសសរស្តម្ភ ចំនួន ៣។

 


គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នេះ មានលក្ខណៈជាប្រព័ន្ធ ៥ ចំណុចគឺ ៖ 
១.   ភាពចាំបាច់ក្នុងការវិនិយោគបន្ថែម លើមន្ត្រីសង្គមកិច្ច ឬ បុគ្គលិកសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បី ជំរុញសេវាការពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និង ទាន់ពេលវេលា ។
២.  ការបន្តធានាឱ្យកុមារទទួលបាននូវសេវាផ្លូវច្បាប់ និង សមធម៌សង្គម តាមរយៈការ   ផ្តល់កញ្ចប់អប្បបរមា នៃ សេវាសង្គមកិច្ចសម្រាប់កុមារ និង គ្រួសារដែលត្រូវការកិច្ចការពារ ។
៣.  ការឆ្លើយតបចំពោះគ្រោះមហន្តរាយដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់កុមារ និង គ្រួសារកុមារ ។
៤.   ការបន្តប្រមូលផ្តុំ ពង្រឹង និង ពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និង សង្គតិភាពឱ្យបានទូលំទូលាយ។
៥.   ការធានានូវសង្គតិភាព នៃ នីតិវិធី វិធានការ និង យន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហារបស់កុមារ ដើម្បី បំពេញនូវតម្រូវការ និង ធានាការពារកុមារ ប្រកបដោយបរិយាកាសគ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានលក្ខណៈកុមារមេត្រី និង ធានាឧត្តមប្រយោជន៍របស់កុមារ ។

 


ប្រព័ន្ធកិច្ចការពារកុមារ នេះ គឺជាបណ្តុំ នៃ វិធានបង្កើតឡើងក្នុងគោលបំណងជំរុញនិងលើកកម្ពស់កិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់រូបភាពហើយវិធានទាំងនេះរួមមាន ៤ ចំណុច គឺ ៖  ១. ក្របខណ្ឌច្បាប់ និង គោលនយោបាយ , ២. ការផ្តល់ជំនួយ និង សេវា , ៣. ធនធានមនុស្ស និង ហិរញ្ញវត្ថុ និង ៤. ការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តទៅលើកុមារ ។


ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ មានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នេះ ជាយុទ្ធសាស្ត្របង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តកន្លងមក និងចាំបាច់ត្រូវពង្រឹង និងពង្រីកបន្ថែមទៀត និង ជាគោលនយោបាយជាតិដែលត្រូវបានរៀបចំឡើងជាលើកដំបូងសម្រាប់រយៈពេល ១០ ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូលផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ។

 


សូមជម្រាបជូនផងដែរថា ក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នេះ ផ្អែកលើសសរស្តម្ភ៣ គឺ ៖ ១. ការបង្ការទប់ស្កាត់ , ២. ការអន្តរាគម និង ៣. ការផ្តល់សេវា និងការឆ្លើយតប ដែលត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ ដែលអនុវត្តក្នុងក្របខណ្ឌគោលនយោបាយជាតិ ៕

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024