ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ការពារកុមារពីការរំលោភបំពានតាមអ៊ីនធឺណេត ជាមួយយុទ្ធនាការ គិតគូរកូន

០៣ មេសា ២០២១ | ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ បានអះអាងថា នៅកម្ពុជា មានមនុស្សជិត ៣០ ភាគរយ បានរងការបៀតបៀន តាមប្រព័ន្ធអ៊ីនធឺណេត ហើយក្នុងនោះ ភាគច្រើនបំផុត គឺជាកុមារតែម្តង ដែលរងការបៀតបៀននោះ។ ហេតុនេះ ក្រសួងប្រៃសណីយ៍បានបង្កើតយុទ្ធនាការមួយ ដែលមានឈ្មោះថា គិតគូរកូន ហើយអំពាវនាវដល់មាតាបិតាអាណាព្យាបាល តាមដានហ្វេសប៊ុក គិតគូរកូន ដើម្បីទទួលបានវិធីសាស្ត្រថ្មីៗ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរំលោភបំបាននានា តាមអ៊ីនធឺណេត ទៅលើកូនៗ ។

 


ការរីកចម្រើនប្រព័ន្ធអ៊ីនធឺណេត នាំមកនូវគុណប្រយោជន៍ដ៏គ្មានដែនកំណត់ដល់មនុស្សជាតិ ដោយរួមទាំងវិស័យអប់រំផង ដែលបច្ចុប្បន្នក្រសួងអប់រំ យុវជន និង កីឡា និង គ្រឹះស្ថានសិក្សានានា បាន និង កំពុងខិតខំប្រឹងប្រែងប្រែក្លាយវិស័យអប់រំ ឱ្យទៅជាការអប់រំបែបឌីជីថល ឬ ការអប់រំតាមអនឡាញ និង ការសិក្សាពីចម្ងាយជាដើម ។ 

 

 

ម្យ៉ាងទៀតនៅក្នុងដំណាក់កាលដែលពិភពលោក រួមទាំងប្រទេស កម្ពុជា ផង កំពុងរងការញាំញីអុកឡុករំខានដោយជំងឺកូវីដ ១៩ នេះ សាលារៀនរដ្ឋ និង ឯកជន ត្រូវបានបិទ និង បើក មិនទៀងទាត់ ហើយការសិក្សាក៏ត្រូវពឹងផ្អែកលើប្រព័ន្ធឌីជីថល ឬ ការសិក្សាតាម អនឡាញ ឬ សិក្សាពីចម្ងាយ កាន់តែច្រើនថែមទៀត ដែលប្រការនេះ បានសចក្តីថា កុមារ ត្រូវពាក់ព័ន្ធនឹងអ៊ីនធឺណេត កាន់តែច្រើនថែមទៀត ហើយប្រការនេះក៏បានសេចក្តីផងដែរថា កុមារទទួលបានផលប្រយោជន៍ពីអ៊ីនធឺណេតកាន់តែច្រើន ។ ប៉ុន្តែអ៊ីនធឺណេត ក៏ធ្វើឱ្យកុមារប្រឈមកាន់តែច្រើនដែរ ព្រោះពេលកុមារប្រើប្រាស់អ៊ីនធឺណេត ក៏គឺជាឱកាសល្អសម្រាប់ជនខិលខូចប្រព្រឹត្តអំពើរំលោភបំពាន បៀតបៀនតាមទម្រង់នានា ទៅលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតដែរ ។ 

 


ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអះអាងថា អ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ២៦ ភាគរយ នៅក្នុងប្រទេស កម្ពុជា មានបទពិសោធន៍ទទួលបានការបៀតបៀន ហើយមួយភាគធំ នៃ អ្នករងគ្រោះទាំងនោះ គឺជាកុមារ ដែលបានសេចក្តីថា កុមារកំពុងក្លាយជាមុខសញ្ញា នៃ ការរំលោភបំពានបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណេតពីជនខិលខូច ។ ដោយមើលឃើញការប្រឈមដ៏គ្រោះថ្នាក់នេះ និង ដោយទទួលបានការគាំទ្រពីស្ថានទូត ឥណ្ឌា ប្រចាំនៅប្រទេស កម្ពុជា ផង ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថលមួយដែលមានឈ្មោះថា  “ គិតគូរកូន ” ដើម្បី លើកកម្ពស់ការយល់ដឹងអំពីភាពអាចមានគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ និង ផ្តល់ព័ត៌មានចំបាច់ដល់ ឪពុក ម្តាយ និង អាណាព្យាបាលអំពីការការពារ និង ដោះស្រាយបញ្ហាពាក់ព័ន្ធ។  

 


ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក៏ដូចជាក្រសួងអប់រំ យុវជន និង កីឡា និង ស្ថាប័នដែលធ្វើការលើវិស័យកុមារ បានក្រើនរំឭកដល់មាតាបិតាអាណាព្យាបាល ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់កូនរបស់ខ្លួន ពីហានិភ័យនានា ដែលកើតពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ចាអ៊ីនធឺណេត និង ប្រព័ន្ធឌីជីថល ។ ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ! តាមដានទំព័រ គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នកពីការបៀតបៀនបំពារបំពានតាមប្រព័ន្ធបច្ចេកវិទ្យា៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024