ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ឆ្នាំ២០២១ ភាគីពាក់ព័ន្ធពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភ ដល់កុមារងាយរងគ្រោះ

០៣ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

​​ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ រស់នៅភាគឦសានកម្ពុជា ជាពិសេសកុមារជនជាតិដើមភាគតិច នៅតែមានកម្រិតកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេ។ ក្នុងនោះ កុមារជាង ១ពាន់នាក់ ត្រូវបានរកឃើញថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យម។

 


«អត្រានៃកង្វះអាហារូបត្ថម្ភក្នុងចំណោមក្មេងស្រី និងក្មេងប្រុសអាយុក្រោម ៥ឆ្នាំ ជាពិសេស ក្នុងចំណោមក្រុមជនជាតិដើមភាគតិចនៅតែមានកម្រិតខ្ពស់នៅក្នុងខេត្តរតនគិរី បើប្រៀបធៀបនឹងអត្រាថ្នាក់ជាតិ។ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ រួមចំណែកដល់អត្រានៃការមានជម្ងឺ និងមរណភាពរបស់កុមារ ហើយប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីនៅក្នុងវ័យកុមារភាពរបស់កុមារ»។ នេះបើតាមការលើកឡើងរបស់លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។

 


ក្នុងសេចក្តីប្រកាសព័ត៌មានដែលអង្គការភ្លែនអន្តរជាតិកម្ពុជា ផ្តល់ឲ្យអ្នកសារព័ត៌មាននៅដើមខែកុម្ភៈនេះ បានឲ្យដឹងថា អង្គការភ្លែន ស្ថាប័នដៃគូសមាគមបណ្តុះកុមារ (BK) ក្រសួងពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងសហគមន៍ រួមគ្នាសម្ពោធគម្រោង ១០០០ថ្ងៃដំបូង នៅខេត្តរតនគិរី ដែលដំណើរការគម្រោងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន ៥៤ នៃ ស្រុកតាវែង និងស្រុកវឺនសៃ។

 


គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន ២៨០០នាក់ កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៤ ១៤៦នាក់ ក្នុងនោះកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១ ៦៧៣នាក់។ ស្ត្រីចំនួន ៣ ៧២០នាក់ ដែលស្ថិតនៅវ័យបន្តពូជចន្លោះពី ១៥ ដល់ ៤៤ឆ្នាំ។ ជាមួយគ្នានេះ គម្រោងនឹងជួយដល់កុមារដែលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន ៣៨៣នាក់ និងកុមារខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យមចំនួន ៨០០នាក់ និងបុរស ឬ ឪពុក ចំនួន ២ ៧៦៤នាក់ ដែលមានកូនពីអាយុ ០ ដល់ ៥៩ខែ។

 


ដោយឡែក ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ ក៏បានដាក់ទិសដៅបន្តអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ដល់សិស្សក្នុងខេត្ដគោលដៅ ដើម្បីបង្កើនអត្រាចូលរៀន អត្រាឡើងថ្នាក់ កាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា។

 


ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក បានអនុវត្តតាំងពីឆ្នាំ១៩៩៩ ដោយចាប់ផ្ដើមពី ៦៤សាលា ដែលមានសិស្ស ៣៧៥០០នាក់ និងបានពង្រីកជាបន្ដបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។ បើតាមអ្នកនាំពាក្យក្រសួអប់រំ ជាទិសដៅសម្រាប់ឆ្នាំ២០២១ ក្រសួងកំពុងបន្តពង្រីកសាលារៀនគោលដៅអនុវត្តកម្មវិធីពី ២០៥សាលា ទៅ២៩០សាលា។ ក្នុងនោះ សាលាបន្ថែមថ្មីទាំង ៨៥សាលា ស្ថិតក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ៕  

 

អត្ថបទ និងរូបភាព៖ អឿន ភារ៉ា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024