ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

អគ្គលេខាធិការ សូមឱ្យអ្នកពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ចំពោះកុមារ

១៦ មីនា ២០២១ | ព័ត៌មានជាតិ

ឥឡូវនេះ រដូវប្រាំង បានចូលមកដល់ អាកាសធាតុកាន់តែក្តៅខ្លាំង បញ្ហាជាច្រើនអាចកើតមានឡើងចំពោះសុខភាពមនុស្សគ្រប់រូប ជាពិសេសចំពោះកុមារ ហេតុនេះអគ្គលេខាធិការកុមារ បានផ្ញើសារក្រើនរំឭកដល់មាតាបិតាអាណាព្យាបាល និងអ្នកធ្វើការ ឬអ្នកថែទាំកុមារ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ ក្រៅតែពីកូវីដ ១៩ ក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពកុមារ ដែលកើតពីអាកាសធាតុក្តៅនេះផងដែរ។

 


កុមារ គឺជាក្រុមមនុស្សងាយរងគ្រោះ ! គឺជាក្រុមមនុស្សងាយរងគ្រោះ ដោយហេតុថា កុមារគឺជាក្រុមមនុស្ស ដែលនៅមានភាពទន់ខ្សោយច្រើនប្រការ ហើយក៏ជាក្រុមមនុស្ស ដែលមិនទាន់យល់ច្បាស់ពីរបៀបថែរក្សាការពារខ្លួន ឱ្យមានសុវត្ថិភាពនៅឡើយដែរ។ នេះមិនទាន់គិតដល់កុមារដែលមានពិការភាព និងកុមារទាំងឡាយណា ដែលមានជំងឺប្រចាំកាយផងទេ។ ហេតុនេះ សូមមាតាបិតាអាណាព្យាបាល និងអ្នកធ្វើការធ្វើការជាមួយកុមារ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបង្កើនការយកចិត្តទុកដាក់ជាពិសេសបន្ថែមទៀតចំពោះសុវត្ថិភាព និងសុខភាពកុមារ ទាំងអំពីជំងឺកូវីដ ១៩ ទាំងជំងឺនានា ដែលកើតពីអាកាសធាតុក្តៅ ទាំងចំណីអាហារ និងបរិយាកាសជុំវិញកន្លែងរស់នៅរបស់កុមារ។ នេះគឺជាការអំពាវនាវក្រើនរំឭករបស់លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ថ្លែងតាមរយៈតេឡេហ្ក្រាម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ។

 


លោកជំទាវ ញ៉េប សុភាព បន្ថែមថា ចំពោះជំងឺកូវីដ ១៩ គឺត្រូវការពារកុមារ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ កុំ ៣ ការពារ និង ២ ចូលរួម។ 


លើសពីនេះទៅ ដោយសារបច្ចុប្បន្ននេះ គឺជារដូវប្រាំង ឬ រដូវក្តៅបានចូលមកដល់ ដែលក៏តែងតែនាំមកជាមួយនូវកត្តាប្រឈមមួយចំនួនចំពោះសុខភាពជាពិសេសសុខភាពកុមារ ដូចជារដូវផ្លែឈើ មានផ្លែស្វាយជាដើមចាប់ផ្តើមទុំ បង្កបានជារុយ ជាដង្កូវ ដែលសត្វចង្រៃទាំងអស់នោះ ក៏អាចបង្កជាបញ្ហាសុខភាពដល់កុមារដែរ។ 

 


ចំពោះកត្តាចំណីអាហារនេះ ក្រៅតែពីគិតគូរយកចិត្តទុកដាក់ធានាអំពីសុវត្ថិភាពចំណីអាហារសម្រាប់កុមារទៅ ក៏ត្រូវគិតគូរដល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ ឬដែលហៅថា អាហារូបត្ថម្ភផងដែរ។


ម្យ៉ាងទៀត ជំងឺនានាដែលកើតឡើងពីមូសដូចជាជំងឺគ្រុនឈាម និងក្តៅខ្លួន ជាដើម ក៏ត្រូវតែប្រុងប្រយ័ត្ន ខណៈជំងឺដទៃខ្លះទៀត ដែលប្រឈមខ្លាំងចំពោះកុមារ នៅក្នុងរដូវកាល ដែលអាកាសធាតុក្តៅនេះ ដូចជា ជំងឺផ្លូវដង្ហើម ជាដើម ក៏ត្រូវប្រុងប្រយ័ត្នដែរ។ 

 


ម្យ៉ាងទៀត ដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩ កុមារមិនអាចទៅសាលាបាន ជាហេតុអាចបណ្តាលឱ្យកុមារមានបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍ ដែលប្រការនេះ ទាំងមាតាបិតា អាណាព្យាបាល ក៏ដូចជាអ្នកធ្វើការជាមួយកុមារទាំងអស់ ត្រូវគិតគូរយកចិត្តទុកដាក់ តាមរយៈផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រឡាញ់ និង ផ្តល់បរិយាកាសរីករាយឱ្យបានច្រើនដល់កុមារដែរ ដែលជារួមគឺត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែរក្សាការពារ ថែទាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តដល់កុមារ ដើម្បីធានាបាននូវសុខុមាលភាពរបស់កុមារគ្រប់រូប និងគ្រប់ទីកន្លែង។ នេះបើតាមអនុសាសន៍របស់លោកជំទាវ ញ៉េប សុភាព ដដែល៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024