ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

កុមារជាង ១ម៉ឺននាក់ នៅខេត្តសៀមរាប និងព្រះវិហារ នឹងរួចផុតពីអំពើហិង្សានៅក្នុងសាលារៀន

០១ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អង្គការធ្វើការលើកុមារ នៅថ្ងៃនេះ បានសម្ភោធជាផ្លូវការនូវគម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា”។ តាមរយៈគម្រោងនេះ នឹងធ្វើឲ្យកុមារជាង ១ម៉ឺននាក់ នៅខេត្តសៀមរាប និង​ព្រះវិហារ រួចផុតពីអំពើហិង្សានៅក្នុងសាលារៀន។

 


ជាងពាក់កណ្តាលនៃស្ត្រី និងបុរសដែលមានអាយុពី១៨-២៤ឆ្នាំ យ៉ាងហោចណាស់ពួកគេទទួលរងអំពើហិង្សាលើរាងកាយម្តង មុនដែលពួកគេអាយុ ១៨ឆ្នាំ។ ក្នុងនោះ អំពើហិង្សានៅតាមសាលារៀនច្រើនតែកើតឡើងរវាងកុមារដែលមានអាយុដំណាលគ្នា ប៉ុន្តែគ្រូបង្រៀនជាញឹកញាប់គឺជាអ្នកប្រព្រឹត្តិអំពើហិង្សាទៅលើកុមារនៅខាងក្រៅផ្ទះ។ នេះបើតាមយោងតាមការស្ទង់មតិអំពីអំពើហិង្សាលើកុមារនៅកម្ពុជា ផ្ស​ព្វ​​ផ្សាយនៅថ្ងៃទី២៩ ខែមករានេះ។

 


តាមរយៈអំពើហិង្សាលើកុមារនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា ភាគីពាក់ព័ន្ធបានបង្កើតយន្តការ និងកសាងបណ្តាញសុវត្ថិភាពសម្រាប់ការការពារកុមារនៅក្នុងសាលា និងក្រៅសាលារៀនឲ្យបានល្អប្រសើរ។

 


ក្នុងពិធីសម្ភោធជាផ្លូវការនូវគម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” នៅថ្ងៃ​នេះដែរ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ពាក់ព័ន្ធនឹងកិច្ចការពារកុមារពីអំពើហិង្សានៅក្នុង និងជុំវិញសាលារៀន តាមរយៈក្របខណ្ឌច្បាប់ និងស្ថាប័នគោលនយោបាយស្តីពីសាលាកុមារមេត្រី បាននិងបន្តការជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោ​បាយនេះ ដោយផ្សារភ្ជាប់ទៅនឹងកិច្ចការស្តីពីកិច្ចការពារកុមារនៅតាមសាលារៀនតាមរយៈផែនការសកម្មភាពរយៈពេល ៥ឆ្នាំ។ មិនតែប៉ុណ្ណោះ ក៏បានបំប៉នសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនស្តីពីការអនុវត្តអប់រំវិន័យបែបវិជ្ជមាន និងសកម្មភាពមិត្តអប់រំមិត្តជាដើម។

 


លោកជំទាវបានបន្តថា តាមរយៈគំនិតផ្តួចផ្តើមនៅក្នុងគម្រោងនេះ អាចនាំឆ្ពោះទៅដល់ការគាំទ្រកុមារអាចសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាព និងអាចឆ្លើយតបទៅនឹងកិច្ចការពារកុមារពីអំពើហិង្សាគ្រប់ទម្រង់។


សូមបញ្ជាក់ថា គម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” នឹងជួយគាំទ្រដល់កុមារប្រមាណ១៣,០០០នាក់ រួមទាំងកុមារដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង និងកុមារមានពិការភាព នៅក្នុងខេត្តសៀមរាប និងព្រះវិហារ។ គម្រោងនេះ ដឹកនាំដោយអង្គការ Save the Children សហការជាមួយថ្នាក់ជាតិ និងអនុវត្តដោយអង្គការទស្សនពិភពលោក នៅក្នុងខេត្តព្រះវិហារ ហើយអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងអនុវត្តន៍នៅក្នុងខេត្តសៀមរាប៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ​ ពិសិដ្ឋ​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024