ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

កុមារវ័យជំទង់ជាង ៩០ភាគរយ មានចំណេះដឹងច្រើនស្តីពីអាហារូបត្ថម្ភ

២៧ សីហា ២០២០ | ព័ត៌មានជាតិ

កុមារវ័យជំទង់ជាង ៩០ភាគរយ អាចស្គាល់ប្រភេទអាហារយ៉ាងតិចចំនួន ៥ ក្នុងចំណោមប្រភេទអាហារូបត្ថម្ភចំនួន ១០ប្រភេទ ហើយបើប្រៀបធៀបជាមួយនឹងគម្រោងដំបូង គឺមានត្រឹមតែ ២២ ភាគរប៉ុណ្ណោះដែលបានដឹង។ នេះបើតាមការលើកឡើងរបស់លោកស្រី អេលីហ្សាប៊ែត ភៀស (Elizabath Pearce) នាយិកាអង្គការ Save the Children ប្រចាំកម្ពុជា។

 


ក្នុងកម្មវិធីផ្សព្វផ្សាយសមិទ្ធផលគម្រោង រយៈពេលបីឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៥ ខែសីហានេះ ដែលធ្វើឡើងនៅខេត្តកំពង់ចាម អង្គការ Save the Children បានឲ្យដឹងថា អង្គការបានអនុវត្តគម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមកុមារវ័យជំទង់នៅឆ្នាំ២០១៨ ហើយគម្រោងនេះមានគោលដៅធ្វើឲ្យលទ្ធផលអាហារូបត្ថម្ភមានភាពប្រសើរឡើងក្នុងចំណោមក្រុមមនុស្សវ័យជំទង់ទាំងបុរស និងស្ត្រីដែលមានអាយុពី ១៥ ដល់ ១៩ឆ្នាំចំនួន ៥ ពាន់នាក់នៅក្នុងសាលាចំនួន៧ ស្ថិតក្នុងខេត្តកំពង់ចាម។

 


គម្រោងនេះ បង្កើតកញ្ចប់សម្ភារអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាននៅក្នុងសង្គមលើអាហារូបត្ថម្ភសម្រាប់កុមារវ័យជំទង់ប្រកបដោយប្រសិទ្ធភាព និងមានភាពច្នៃប្រឌិតសម្រាប់បុគ្គលិកមណ្ឌលសុខភាព និងភ្នាក់ងារអាហារូបត្ថម្ភ។


បើតាមអង្គការធ្វើការលើកុមារដដែល គម្រោងដែលមានរយៈពេល ៣ ឆ្នាំនេះ គឺបានទទួលលទ្ធផលដ៏ធំធេង ដោយបានបង្កើតចំណេះដឹងស្តីពីអាហារូបត្ថម្ភដល់កុមារវ័យជំទង់។ ជាមួយគ្នានេះ លោកស្រីនាយិកា បានមើលឃើញពីការផ្លាស់ប្តូរជាច្រើនចំពោះឥរិយាបថរបស់កុមារវ័យជំទង់ ដូចជា ពួកគេចាប់ផ្តើមបរិភោគអាហារពេលព្រឹក មិនបរិភោគអាហារ ឬភេជ្ជសៈដែលមានជាតិខ្លាញ់ និងផ្អែមខ្លាំង ដោយការចាប់ផ្តើមបរិភោគអាហារដែលមានតុល្យភាពរួមទាំងបន្លែ និងផ្លែឈើ។

 


សូមជម្រាបថា យោងតាមការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ ២០១៤ កុមារវ័យជំទង់ប្រមាណមួយភាគបួននៃប្រជាជនកម្ពុជា មិនត្រូវបានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រផ្នែកតម្រូវការអាហារូបត្ថម្ភ និងសុខភាពឲ្យបានជាក់លាក់នោះទេ។ ជាងមួយភាគបួននៃកុមារីវ័យជំទង់ មានបញ្ហាខ្វះទម្ងន់ ខណៈប្រមាណជាពាក់កណ្តាលនៃកុមារីទាំងនោះ មានសភាពស្លេកស្លាំង៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024