ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

នៅភ្នំពេញ និងទូទាំងប្រទេស មិនទាន់មានវត្តអារាមណាមួយ ដាច់ចង្ហាន់ទេ

២៩ មេសា ២០២១ | ព័ត៌មានជាតិ

មន្ត្រីសង្ឃរាជធានីភ្នំពេញ  ក៏ដូចជាមន្ត្រីនាំពាក្យក្រសួងធម្មការ បានអះអាងថា ទាំងនៅភ្នំពេញ ក៏ដូចជា នៅក្នុងទូទាំងប្រទេស មិនទាន់មានវត្តអារាមណាមួយ ខ្វះចង្ហាន់នៅឡើយទេ។ មន្ត្រីក្រើនរំឭកថា ទាំងព្រះសង្ឃ និងទាំងអ្នករស់នៅក្នុងវត្តអារាម ប្រសិនបើមានបញ្ហាសុខភាព សូមកុំលាក់បាំង ឬស្វែងរកការព្យាបាលដោយខ្លួនឯងឡើយ តែត្រូវប្រញាប់ ទៅជួបពេទ្យ។

 


តាំងពីកម្ពុជា បានរកឃើញជំងឺកូវីដ-១៩ មក សាលាគណរាជធានី ភ្នំពេញ បានប្រជុំពិភាក្សាជាមួយព្រះអនុគណខណ្ឌទាំងអស់ ហើយបានព្រមព្រៀងគ្នាថា វត្តអារាមទាំងឡាយ ដែលស្ថិតនៅក្នុងខណ្ឌនីមួយៗ ត្រូវព្រះអនុគណ នៃ ខណ្ឌទាំងនោះ ជាអ្នកតាមដានពីសុខទុក្ខ និង រ៉ាប់រងជួយសម្របសម្រួលដោះស្រាយ ប្រសិនបើមានបញ្ហាណានីមួយ ដូចជាក្នុងករណីខ្វះចង្ហាន់ជាដើម ហើយគិតមកដល់ពេលនេះ មិនទាន់របាយការណ៍ថា មានវត្តអារាមណាមួយនៅក្នុងរាជធានី ភ្នំពេញ មានបញ្ហាចង្ហាន់នៅឡើយទេ ។ នេះគឺជាការអះអាងរបស់សម្តេចព្រះពុទ្ធជ័យមុនី ខឹម សន ព្រះមេគណ រាជធានី ភ្នំពេញ ប្រាប់ PNN តាមទូរស័ព្ទ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ។

 


ជាការកត់សម្គាល់ ដោយអនុវត្តតាមបវេណីតាំងពីយូរលង់ណាស់មកហើយ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ មានវត្តអារាមខ្លះ បានចែករំលែកគ្រឿងឧបរិភោគ បរិភោគ មួយចំនួន ដែលបានមកពីទាយកទាយិកា ទៅចែកជូនបន្តដល់អ្នកដែលជួបប្រទះបញ្ហាខ្វះខាត ។


ស្រដៀងគ្នានេះដែរ នៅក្នុងក្របខណ្ឌទូទាំងប្រទេសវិញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ ឯកឧត្តម បណ្ឌិត សេង សុមុនី មន្ត្រីនាំពាក្យក្រសួងធម្មការ និង សាសនា បានអះអាងថា បើទោះបីជាឆ្នាំនេះ ចង្ហាន់ព្រះសង្ឃ មិនសូវសម្បូរដូចបណ្តាឆ្នាំកន្លងមក ដោយសារតែជំងឺកូវីដ-១៩ ក្តី ក៏មិនទាន់មានរបាយការណ៍ថា មានវត្តអារាមណាមួយដាច់ចង្ហាន់នៅឡើយដែរ ។

 


ដោយមិនសូវខ្វល់ខ្វាយខ្លាំងនឹងបញ្ហាចង្ហាន់ ឯកឧត្តម សេង សុមុនី បារម្ភ និង យកចិត្តទុកដាក់ខ្លាំងជាងទៅលើសុវត្ថិភាពីជំងឺកូវី-១៩ ចំពោះព្រះសង្ឃ និង អ្នករស់នៅក្នុងវត្តអារាម ។ បារម្ភខ្លាំងជាងដោយហេតុថា វត្តខ្លះមានព្រះសង្ឃ ដូនជី តាជី សិស្សិនិស្សិត និង កុមារ គង់ និង ស្នាក់នៅរាប់ពាន់អង្គ និង នាក់ ដែលជាកត្តាប្រឈមដ៏ខ្លាំងមួយ នៃ ការឆ្លងជំងឺកូវីដ-១៩ ។ ទោះយ៉ាងណា បើតាមឯកឧត្តម សេង សុមុនី គិតមកដល់ពេលនេះ ទើបតែមានព្រះសង្ឃ ១ ករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ គឺជាព្រះសង្ឃដែលគង់នៅខេត្ត កែប ។ 

 


ដូច្នេះ ក្រៅតែពីក្រើនរំឭកដល់បណ្តាវត្តអារាមទាំងអស់នៅទូទាំងប្រទេស អនុវត្តឱ្យបានម៉ឺងម៉ាត់ និង ខ្ជាប់ខ្ជួន នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធទៅ ក៏ត្រូវតែតាមដានស្ថានភាពសុខភាពជាប្រចាំ ប្រសិនបើមានការប្រែប្រួល សូមប្រញាប់រូតរះទៅជួបពេទ្យនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត ចៀសវាងលាក់បាំង នូវបញ្ហាសុខភាពរបស់ខ្លួន ហើយក៏មិនត្រូវរេរាអែអង់ ដូចជារកការព្យាបាលដោយខ្លួនឯងជាដើមឡើយ ព្រោះការធ្វើដូច្នោះ ប្រសិនបើបញ្ហាសុខភាពនោះបណ្តាលមកពីជំងឺកូវីដ-១៩ នោះ វានឹងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ និង រីករាលដាលទៅអ្នកដទៃថែមទៀត  ៕


អត្ថបទ៖  ខឿន សាឃាង     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024