ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

មន្ទីរធម្មការរាជធានីភ្នំពេញ ស្នើសុំ ៤ចំណុច ចំពោះវត្តដែលមានឈាបនដ្ឋាន

២២ កក្កដា ២០២១ | ព័ត៌មានជាតិ

មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានចេញលិខិត ស្នើសុំទៅវត្តអារាម ដែលមានឈាបនដ្ឋាន ឬប៉ាឆា សូមកុំឱ្យឡើងថ្លៃបូជាសព ដែលមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ព្រោះប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែការទទួលបូជាសព ត្រូវពិនិត្យលិខិតស្នាម ដើម្បី បញ្ជាក់ថា សពនោះ មិនពាក់ព័ន្ធនឹងជំងឹកូវីដ-១៩។ ការស្នើសុំនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានវត្តខ្លះ យកតម្លៃថ្លៃខ្ពស់ពីការបូជាសព។

 


ទី ១. សូមវត្តអារាមមេត្តាជួយសម្រួលក្នុងការបូជាសព ដែលគ្មានជំងឺកូវីដ-១៩ ទៅតាមទម្លាប់ ដែលធ្លាប់មានពីមុនមក ។
ទី ២. មុននឹងបូជាសព ត្រូវពិនិត្យលិខិតបញ្ជាក់របស់ពេទ្យ អមដោយលិខិតឯកភាពរបស់អាជ្ញាធរមូលដ្ឋាន ដើម្បី បញ្ជាក់ថាសពនោះ មិនពាក់ព័ន្ធនឹងឺកូវីដ-១៩ ។
ទី៣.មិនត្រូវអនុញ្ញាតឱ្យសាច់ញាតិ នៃ សព ចូលរួមក្នុងកម្មវិធីបូជាសព ហួសការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញឡើយ គឺមានចំនួន ១៥ នាក់ប៉ុណ្ណោះយ៉ាងច្រើន ហើយត្រូវពាក់ម៉ាសឱ្យបានគត់មត់ និង ត្រូវរក្សាឱ្យបាននូវគម្លាតសុវត្ថិភាព ។
ទី ៤. ចំពោះថ្លៃបូជាសព ត្រូវរក្សាតម្លៃដើម ចៀសវាងការដំឡើងថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះពេលនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងជួបក្តីលំបាក ។ ជាមួយគ្នានេះ ហាមការរៃអង្គាសគ្រប់រូបភាព ពីគ្រួសារ នៃ សព ក្រោមហេតុផល នៃ ការកសាងវត្ត ។


នេះបើតាមលិខិតស្នើសុំរបស់មន្ទីរធម្មការ និង សាសនា រាជធានី ភ្នំពេញ ចំពោះព្រះចៅអធិការវត្តដែលមានឈាបនដ្ឋាន ក្រោមកម្មវត្ថុ សុំសម្រួលរក្សារម្លៃបូជាសពធម្មតា ដែលមិនមែនជាសពជំងឺកូវីដ-១៩ ចុះកាលបរិច្ឆេទថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ នេះ ។

 


ជាកត់សម្គាល់ ការចេញលិខិតស្នើសុំរបស់មន្ទីធម្មការ និង សាសានា រាជធានីភ្នំពេញ នេះ ត្រូវបានធ្វើឡើង ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ជាហូរហែរអ៊ូរទាំ ថាអ្នកកាន់ការងារឈាបនដ្ឋាន ឬ ប៉ាឆា គឺទីបូជាសព នៃ វត្តខ្លះ បានយកតម្លៃថ្លៃពីគ្រួសារ នៃ សព ដែលយកទៅបូជា ដែលបើតាមសេចក្តីរាយការណ៍ខ្លះ អះអាងថា គ្រួសារ នៃ សព ត្រូវចំណាយថវិការហូតដល់ទៅរាប់លាន រៀល បូកសរុប ទាំងតម្លៃ នៃ ការតម្កល់សពសម្រាប់ធ្វើបុណ្យផង ។


ទោះយ៉ាងណា ក៏ឃើញមានវត្តខ្លះ ដូចជាវត្ត វារិន្ទព្រែកលៀប ជាដើម ដែលត្រូវបានគេចុចចំឈ្មោះ បានចេញមកបដិសេធភ្លាមៗដែរ ចំពោះសេចក្តីរាយការណ៍ទាំងនោះ ហើយបានបញ្ជាក់ថា វត្តពុំបានយកតម្លៃថ្លៃដូចសេចក្តីរាយការណ៍ទាំងនោះឡើយ គឺវត្ត គ្រាន់តែឱ្យគ្រួសារ នៃ សពចំណាយទៅលើថ្លៃទិញធ្យូងដោយខ្លួនឯងសម្រាប់បូជាសពតែប៉ុណ្ណោះ គឺពុំមានកំណត់តម្លៃអ្វីផ្សេងឡើយ ហើយចំពោះគ្រួសារសពដែលក្សត់ទ្រព្យ វត្តតែងតែជួយចំណាយ បង្គ្រប់ ដើម្បី ទិញធ្យូងទៀតផង ខណៈគ្រួសារសពដែលក្សត់ខ្សោយមែនទែន និង សពជនអានាថាជាដើម នោះ វត្តប្រមែប្រមលធនធានជួយបូជាទាំងស្រុង ។

 


ទោះយ៉ាងណា បើតាមសេចក្តីរាយការណ៍ជាហូរហែមកនេះ គេមិនអាចបដិសេធបានទេថា មានក្រុមការងារឈាបនដ្ឋាន នៃ វត្តខ្លះ ពិតជាបានយកថវិកាក្នុងតម្លៃថ្លៃពីការបូជាសពពិតមែន ដែលប្រការនេះ កំពុងរងការរិះគន់ពីសាធារណមតិគួរឱ្យកត់សម្គាល់ ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024