ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ថៃ រំពឹងកំណើនការនាំចេញវិជ្ជមាន ២% នៅឆ្នាំ ២០២៤នេះ

១០ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ មានទំនុកចិត្តថា ការនាំចេញនឹងកើនឡើង ២% នៅឆ្នាំនេះ ហើយបានស្នើឱ្យមាន ការពិចារណាលើ គម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ឱ្យបានហ្មត់ចត់។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បាននិយាយថា ការនាំចេញរបស់ថៃ គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើង ២% នៅឆ្នាំនេះ ខណៈពេលដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែជាហានិភ័យ ត្រូវតែតាមដាន។

 


ក្តីបារម្ភផ្សេងទៀតរួមមាន ថ្លៃដើមផលិតកម្ម រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០បាត ថ្លៃប្រេង និងអគ្គិសនី គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ ការកើនឡើងថ្លៃដឹកជញ្ជូន និងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្មកសិកម្ម។

 


ជាក់ស្តែង ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ សង្កត់ធ្ងន់ថា ការកើនឡើងយ៉ាងខ្លាំងនៃ ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ នឹងប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលមិនអាចប្រែក្លាយជា ឧស្សាហកម្មដែលពឹងផ្អែកលើដើមទុន ក្នុងរយៈពេលដ៏ខ្លីបាន។

 


ជាក់ស្តែង រាជរដ្ឋាភិបាល ត្រូវគ្រប់គ្រងតម្លៃផលិតកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងរបស់សហគ្រិនថៃ ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។សូមជម្រាបថា សម្រាប់រយៈពេល ៣ខែដំបូងនៃឆ្នាំនេះ តម្លៃនៃការនាំចេញបានកើនឡើងដល់ ៧១ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ០,២% ធៀបនឹងឆ្នាំមុន ខណៈ តម្លៃនៃការនាំចូលឈានដល់ ៧៥ពាន់លានដុល្លារ កើនឡើង ៣% បង្កើតឱនភាពពាណិជ្ជកម្មចំនួន ៤ពាន់លានដុល្លារអាមេរិក៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024