ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវត្តអារាម ជាកន្លែងរួមចំណែកអប់រំពីសីលធម៌ដល់ពលរដ្ឋ

១០ ឧសភា ២០២៤ | ព័ត៌មានជាតិ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចាត់ទុក វត្តអារាម ជាកន្លែងមួយដ៏សំខាន់ ដែលដើរតួនាទីអប់រំពីសីលធម៌ និងចរិយាធម៌ដល់ប្រជាពលរដ្ឋ។ វត្តអារាម ជាកន្លែងកន្លែងផ្សព្វផ្សាយព្រះពុទ្ធសាសនា ដែលធ្វើឲ្យពលរដ្ឋម្នាក់យល់ច្បាស់ពីគុណធម៌ ឲ្យកា្លយជាបុគ្គល ដែលមានការយោគយល់អធ្យាស្រ័យ គោរពគ្នាទៅវិញទៅមកនៅក្នុងសង្គម។

 


ក្រៅពីជាកន្លែងផ្សព្វផ្សាយ និងថែរក្សាព្រះពុទ្ធសាសនា វត្តអារាម ក៏បានដើរតួនាទីយ៉ាងសំខាន់លើការអប់រំពីសីលធម៌ និងចរិយាធម៌ដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ពីគុណធម៌ មេត្តាធម៌ និងសីលធម៌ ឲ្យកា្លយជាបុគ្គលដែលមានការយោគយល់អធ្យាស្រ័យ គោរពគ្នាទៅវិញទៅមកនៅក្នុងសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ក្នុងខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី០៩ ឧសភា នេះ។ 

 


ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ដោយសារគុណតម្លៃទាំងនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា តែងតែបង្កលក្ខណៈល្អប្រសើរ និងយកចិត្តទុកដាក់ទៅលើវិស័យអភិវឌ្ឍន៍ ព្រះពុទ្ធសាសនា ព្រមទាំងចូលរួមនិងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យព្រះពុទ្ធសាសនាជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង សម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គតាម៉ិញនាពេលនេះ ហើយសមិទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។ 

 


គួរបញ្ជាក់ថា  បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានវត្តអារាម សរុបចំនួនជាង ៥ពាន់វត្ត, មានព្រះសង្ឃចំនួនជិត៧ម៉ឺនអង្គ។ ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែសិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។

 

 

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានផ្តោតសំខាន់ទៅលើមនុស្សផងដែរ ក្នុងនោះគឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា៕

 

 

 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024