ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

វៀតណាម បន្តជំរុញការនាំចេញអង្ករឱ្យដល់ ៨លានតោនក្នុងឆ្នាំនេះ

១០ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

វៀតណាម រំពឹងថា នឹងផលិតអង្ករបានចំនួន ៤៣លានតោននៅឆ្នាំនេះ គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញជាង ៨លានតោន និងការប្រើប្រាស់ក្នុងស្រុកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៤ វៀតណាម រកចំណូលបាន ២ពាន់លានដុល្លារពី ការដឹកជញ្ជូនអង្ករ ៣លាន ២សែនតោនទៅទីផ្សារបរទេស កើនឡើង ៣៦% ជាតម្លៃ និង ១១% ជាបរិមាណ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ការកើនឡើងនៃតម្លៃ ត្រូវបានសន្មតថា មានការកើនឡើង ២២% នៃតម្លៃអង្ករនាំចេញដល់ ៦៤៤ដុល្លារក្នុងមួយតោន ចាប់តាំងពីដើមឆ្នាំនេះ។

 


យ៉ាងណាមិញ ដោយសារឥទ្ធិពលអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុ ទិន្នផលអង្ករសកលក្នុងឆ្នាំ ២០២៣-២០២៤ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់ជិត ៥១៨លានតោន ខណៈដែលការប្រើប្រាស់ និងតម្រូវការគឺ ៥២៥លានតោន ដែលមានន័យថា ពិភពលោក នឹងប្រឈមមុខនឹងការខ្វះខាតអង្ករប្រហែល ៧លានតោននៅឆ្នាំនេះ។

 


នៅឆ្នាំ ២០២៤ វៀតណាម មានគោលបំណងរក្សាផ្ទៃដីដាំដុះស្រូវជាង ៧លានហិកតា និងទិន្នផលស្រូវជាង ៤៣លានតោន ដោយធានាការប្រើប្រាស់ក្នុងស្រុក និងនាំចេញអង្ករជាង ៨លានតោន។

 


សូមជម្រាបថា ការនាំចេញអង្ករវៀតណាម កាលពីឆ្នាំ ២០២៣ មានភាពរីកចម្រើនដោយបរិមាណឈានដល់ ៨លានតោន មានតម្លៃ ៤ពាន់ ៧រយលានដុល្លារ ដែលវាជាការនាំចេញខ្ពស់បំផុតសម្រាប់ឧស្សាហកម្មអង្កររបស់វៀតណាម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024