ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

តួលេខសហគ្រាសវិនិយោគថ្មី នៅវៀតណាម កើនឡើងដល់ជាង ៥ម៉ឺន នៅក្នុង ៤ខែដំបូង

១០ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម ទទួលបាននូវ សហគ្រាសវិនិយោគថ្មីចំនួន ៥ម៉ឺន ១ពាន់ស្ថាប័ន ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៤នេះ ដែលតួលេខនេះមានការកើនឡើង ៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

 

 

 

អគ្គនាយកការិយាល័យស្ថិតិវៀតណាម បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានចុះបញ្ជីថ្មី មានទុនវិនិយោគ សរុបចំនួនជាង ២០ពាន់លានដុល្លារអាមេរិក កើនឡើង ៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


សហគ្រាសអាជីវកម្មថ្មីនេះ បានបង្កើតការងារ ៣៥ម៉ឺនកន្លែង កើនឡើង ៦%។ក្នុងអំឡុងពេល ៤ខែនេះ ក្រុមហ៊ុន ២ម៉ឺន ៩ពាន់ស្ថាប័ន បានបើកដំណើរការ និងប្រតិបត្តិការឡើងវិញ នៅទូទាំងប្រទេស ដែលបាននាំឱ្យចំនួនសហគ្រាសដែលទើបបង្កើត និងបើកដំណើរការឡើងវិញ ក្នុងរយៈពេល ៤ខែ សរុបមានរហូតដល់ ៨ម៉ឺនស្ថាប័ន។

 


យ៉ាងណាមិញ មានអាជីវកម្មចំនួន ៦ម៉ឺនស្ថាប័ន បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនេះ។ក្នុងខែមេសា វៀតណាម មានសហគ្រាសថ្មីចំនួន ១ម៉ឺន ៥ពាន់ស្ថាប័ន ដែលបង្កើតឡើងជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៦ពាន់ ៩រយលានដុល្លារអាមេរិក ពោលគឺកើនឡើង ៥៥% បើគិតលើដើមទុន។

 


សូមបញ្ជាក់ដែរថា វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងស្វាគមន៍សហគ្រាសចំនួន ២៣ម៉ឺនបន្ថែមទៀត ទាំងសហគ្រាសទើបបង្កើតថ្មី និងសហគ្រាសដែលបើកដំណើរការឡើងវិញ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024