ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ចិន ក្នុងឆ្នាំ ២០២០ កើនឡើងលើសពីការរំពឹងទុក

០៨ មីនា ២០២១ | សេដ្ឋកិច្ច


 

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ចិន កាលពីឆ្នាំ ២០២០កន្លងទៅ សម្រេចបានជាង ២៦១ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៣១% ធៀបនឹងឆ្នាំ ២០១៩ ដែលជាតួលេខមួយខ្ពស់ជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 

របាយការណ៍ជាផ្លូវការចេញផ្សាយដោយ រដ្ឋបាលគយទូទៅចិន បានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចសកលលោក ប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារតែវិបត្តិមេរោគកូវីដ១៩ក្តី ការនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសចិន ធ្វើបានល្អជាងការរំពឹងទុក ក្នុងឆ្នាំ ២០២០ ដែលរុញច្រានដោយកំណើននៃ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះតែម្តង។


ក្រុមហ៊ុនក្នុងស្រុកចិនជាច្រើន បាននិយាយអំពី កំណើននៃការលក់របស់ពួកគេ ដែលជម្រុញដោយ ប្រព័ន្ធអនឡាញនេះ តួយ៉ាង ក្រុមហ៊ុនលក់ម៉ាស៊ីនព្រីន 3D បានសម្រេចការលក់ជាង ១លានគ្រឿង ក្នុងឆ្នាំ ២០២០ ដែលមានកំណើនដល់ទៅ ២៥០% ឯណោះ។


ដោយសារទំហំនៃវិស័យពាណិជ្ជកម្មអនឡាញឆ្លងប្រទេស បានផ្ទុះឡើងក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនសហគ្រាសចិនជាច្រើន បានបង្ហាញភាពជឿជាក់យ៉ាងខ្លាំងអំពី កំណើន និងការអភិវឌ្ឍនៃវិស័យនេះ ក្នុងឆ្នាំ ២០២១នេះ។

 


គួរជម្រាបដែរថា វិបត្តិមេរោគកូវីដ១៩ ក៏ជាកត្តារុញច្រានឲ្យ ប្រជាពលរដ្ឋចិន ប្រឡូកនៅក្នុងវិស័យពាណិជ្ជកម្មអនឡាញ កាន់តែច្រើនជាងមុន ហើយដោយសារតែ សេដ្ឋកិច្ចប្រទេសចិន បន្តប្រសើរឡើងវិញពី ឥទ្ធិពលមេរោគកូវីដ១៩ ប្រទេសចិន ក៏បានដាក់គោលដៅសម្រចកំណើនសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ ២០២១នេះ ឲ្យបានលើស ៦% ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024