ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

០២ មីនា ២០២១ | ព័ត៌មានជាតិ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិ បានស្ដេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកមិញ។ ឥស្សរជនថ្នាក់ដឹកនាំជាតិ និងព្រះញាតិវង្សានុវង្សជាច្រើន បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

 


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ បានស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិនកាលពីព្រឹកមិញនេះ។

 


យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងសម្ដេចព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសដ៏ថ្លៃថ្លានោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ព្រះញាតិវង្សានុវង្ស មន្ត្រីព្រះបរមរាជវាំង និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកស្ថាប័នជាតិសំខាន់ៗ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ស្ថានទូតចិន ប្រចាំកម្ពុជា។

 


ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងព្រះបរមនាម សម្ដេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ យាងពិនិត្យ និងព្យាបាលព្រះរាជ សុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ហើយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋានៈជាព្រះប្របមុខរដ្ឋស្ដីទី។

 


សូមបញ្ជាក់ថា ព្រះរាជដំណើរយាងពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ គឺជាព្រះរាជបវេណីដ៏ប្រពៃមួយក្នុងទំនាក់រវាងកម្ពុជា និងចិន។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយនូវការពិនិត្យ និងព្យាបាលព្រះរាជសុខភាពដោយក្រុមវេជ្ជបណ្ឌិតចំណានៗជាទៀតទាត់។ ក្នុងអំឡុងពេលយាងពិនិត្យព្រះរាជសុខភាពនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី តែងយាងគង់នៅព្រះរាជដំណាក់ក្រុងប៉េកាំង និងបំពេញព្រះរាជទស្សនកិច្ច ព្រមទាំងប្រទានសវនាជាមួយថ្នាក់ដឹកនាំចិន៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024