ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ព្រះមហាក្សត្រ យាងសម្ពោធពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ

១៨ ធ្នូ ២០២០ | ព័ត៌មានជាតិ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅវត្តជម្ពូវ័ន។  វត្តជម្ពូវ័ន ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 


ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជធីពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានានៅវត្តជម្ពូវ័ន នាព្រឹកមិញនេះមានការនិមន្តយាង  និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃរាជ, សម្ដេចព្រះមន្ត្រីសង្ឃ និងឥស្សរជនជាតិ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី គង់ សំអុល, ព្រះព្រះញាតិវង្សានុវង្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សមណសិស្ស និងសិស្សានុសិស្សាជាច្រើនអង្គនាក់ទៀត។ 

 


មានព្រះរាជបន្ទូលនាឱកាសដ៏មហាវិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានកោតសរសើរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដែលបាននិងកំពុងបន្តខិតខំដឹកនាំប្រទេសជំនះនឹងការលំបាកជាបន្ទាប់ ជាពិសេសនៅក្នុងស្ថានភាពរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសកម្ពុជាកាត់បន្ថយបានជាអតិប្បរមានូវផលប៉ះពាល់នានា និងធានាប្រតីភាពនៃការអភិវឌ្ឍន៍ជាតិ។ 

 


ព្រះអង្គក៏បានមានព្រះរាជឱង្កាប្រកបដោយព្រះរាជសង្ឃឹមជឿជាក់ថាសមិទ្ធផលអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យដែលកសាងឡើង និងសម្ពោធដាក់ឱ្យប្រើនាឱកាសនេះថានឹងរួមចំណែកពង្រឹងវិស័យសិក្សាធិការជាតិតាមគន្លងព្រះពុទ្ធសាសនា បង្កឱកាស និងលក្ខណៈប្រសើរកាន់តែច្រើនប្រគេន និងជូនសមណសិស្ស និងសិស្សបានសិក្សារៀនសូត្រដើម្បីពង្រីកចំណេះដឹងចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធចក្រ និងអណាចក្រ។ 

 


សូមបញ្ជាក់ថាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ស្ថិតនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាងសង់ដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ។ 


អគារពុទ្ធិកវិទ្យាល័យនេះ មានទទឹង៩ម៉ែត្រ, បណ្ដោយ៣០ម៉ែត្រ, កម្ពស់២ជាន់, ចែកចេញជាថ្នាក់រៀន៨បន្ទប់, ការិយាល័យសិក្សាមួយ និងសាលប្រជុំមួយ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ចំណាយថវិកាអស់ប្រមាណ ៣០ម៉ឺនដុល្លាអាមេរិក៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រុមការងារ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024