ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ព្រះមហាក្សត្រ យាងប្រារព្ធខួប ៦៧ឆ្នាំ នៃការទទួលបានឯករាជ្យ ពីបារាំង

១០ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ព្រះកុរណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានយាងប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងពលរដ្ឋ នៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ។ 

 


ក្នុងពិធីរម្លឹកខួបលើកទី៦៧ ឆ្នាំនេះ មានការចូលពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន និងបណ្ដាអង្គទូតនានា ប្រចាំកម្ពុជា។ ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន ក្នុងកម្មវិធីប្រារព្ធខួបនេះ ដោយត្រូវធ្វើចត្តាឡីស័ក និងតាមដានពិនិត្យសុខភាព ដើម្បីធ្វើតេស្តរកកូវីដ-១៩ ក្រោយជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដែលមានផ្ទុកជំងឺនេះ។

 


ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ និងខួបលើកទី៦៧ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់សម្តេចព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង។


តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនោះគ្រាន់តែជាគោលការណ៍ច្បាប់ប៉ុណ្ណោះ ដោយកម្ពុជានៅខ្វះឯករាជ្យជាច្រើនវិស័យដូចជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ជាដើម។

 


ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា «ព្រះអង្គនឹងដណ្តើមយកឯករាជ្យទាំងស្រុងនេះដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត»។


នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យសម្រាប់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង ។

 


ក្រោយជំនួបជាបន្តបន្ទាប់ ដោយមានការចូលរួមពីសំណាក់ឥស្សរជនកំពូលនាសម័យនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ថា «ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ» ។

 


ឈានដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំង ត្រូវបានបញ្ចប់៕

 

អត្ថបទ៖ រ៉េន រតនៈ         រូបភាព៖ បញ្ញា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024