ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រទាន១លានដុល្លារជូនរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩

១១ ធ្នូ ២០២០ | ព័ត៌មានជាតិ

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានថវិកា ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរូមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ គិតត្រឹមល្ងាចថ្ងៃម្សិលមិញនេះ រាជរដ្ឋាភិបាល ទទួលបានថវិកាជាង ៣៨លានដុល្លារហើយ។

 


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកាសរុប១លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកទិញវ៉ាក់សាំងប្រឆាំមេរោគកូវីដ១៩។ នេះបើតាមអត្ថបទចេញផ្សាយភ្ជាប់ដោយរូបថតជាច្រើនសន្លឹកលើទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា។

 


បើតាមទទក ការប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏វិសេសវិសាលរបស់ព្រះអង្គទាំងទ្វេ បានធ្វើក្នុងឱកាសដែលទ្រង់ព្រះបរមរាជានុញ្ញាតជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសហការីចូលក្រាបបង្គំគាល់នៅព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១០ ខែធ្នូនេះ ដោយព្រះអង្គបានសព្វព្រះរាជហឬទ័យប្រគលល់ជូនរាជរដ្ឋាភិបាលតាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលតែម្ដង។

 


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជាបន្តបន្ទាប់ជូនរាជរដ្ឋាភិបាលនៅក្នុងគ្រាប្រឈមមុខនឹងការលំបាកធំៗនាឆ្នាំ២០២០នេះ ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកាលពីប៉ុន្មាខែមុនននេះ។ ដោយឡែកគិត្រឹមថ្ងៃទី៩ ខែធ្នូម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិកាចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ជាង៣០លានដុល្លារហើយ។

 


សូមបញ្ជាក់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជូនប្រជាពលរដ្ឋថារាជរដ្ឋាភិបាលមានផែនការបញ្ជាទិញវ៉ាក់សាំងជាជំហ៊ានដំបូង១លានដូសសម្រាប់ចាក់ជូនក្រុមអ្នកមានការប្រឈមខ្លាំងចំនួន៥០ម៉ឺននាក់ ដូចជាគ្រូពេទ្យ កងកម្លាំង និងក្រុមអ្នកប្រមូលសំរាមជាដើម ដោយម្នាក់ៗត្រូវចាក់ពីរដង ហើយការបញ្ជាទិញនឹងត្រូវធ្វើជាបន្តបន្ទាប់ទៀត។ ការប្រកាសពីផែនការទិញវ៉ាក់សាំងនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាមានការឆ្លងរីករាលជំងឺកូវីដ១៩ដល់កម្រិតសហគមន៍។

 


គិតត្រឹមថ្ងៃទី១០ ខែធ្នូនេះ មានមនុស្ស៣៩នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បន្ទាប់ពីព្រឹកមិញនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានថ្មី២នាក់ទៀត ក្នុងនោះមានម្នាក់គឺជាករណីឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាករណីនាំចូល។ បើសរុបទៅ ចាប់តាំងពីរកឃើញករណីដំបូង រហូតមកដល់ថ្ងៃទី១០ ធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៥៦នាក់ហើយ ក្នុងនោះជាសះស្បើយ៣០៧នាក់ និង៤៩នាក់កំពុងសំរាកព្យាបាល៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024