ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ស្តីពី ការបន្ធូរបន្ថយទោស និងការលើកលែងទោស

១៤ មករា ២០២១ | ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យ ស្ដីពី លក្ខខណ្ឌ និងនីតិវិធី ក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិត។ ការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិត ត្រូវធ្វើឡើង ៥ដង ក្នុងមួយឆ្នាំ និងមិនត្រូវបានធ្វើឡើង ចំពោះបទល្មើស ដែលមានចរិតកាចសាហាវ មានព្យស្សនកម្មធ្ងន់ធ្ងរនោះទេ។

 


បើយោង​តាមព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ គឺបានកំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និង​នីតិវិធីក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោស ចំពោះទណ្ឌិត ក្នុងគោលបំណង ដើម្បី​ធ្វើសមាហរណកម្មឲ្យទណ្ឌិតនោះ ចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។

 


ព្រះរាជក្រឹត្យនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើការបន្ធូរបន្ថយទោស និងការលើកលែង ទោសចំពោះទង្វើទាំងអស់ដែលត្រូវបានផ្ទន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការនៃកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបាន​ផ្តន្ទាទោសដាក់ពន្ធនាគារដោយ តុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនមកឲ្យអនុវត្តទោស នៅកម្ពុជាដោយផ្អែកតាម ការព្រមព្រៀងរវាងរកម្ពុជា និងរដ្ឋបរទេសនោះ។

 


បើតាមព្រះរាជក្រឹត្យដដែល ពិធីបុណ្យជាតិ ដែល​អាច​ស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ , ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ , ពិធីបុណ្យវិសាខបូជា , ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ជាមួយគ្នានេះ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរ ក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ ដោយអាចធ្វើដាច់ដោយឡែកពីគ្នា ឬរួមគ្នា។

 


សូមបញ្ជាក់ថា នៅកម្ពុជា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ត្រូវបានធ្វើឡើងជារៀងរាល់ ដោយផ្អែកលើគោលការណ៍ច្បាប់ មានន័យថា អាចស្នើសុំបន្ធូរបន្ថយទោសចំពោះទណ្ឌិតណា ដែលបានអនុវត្តទោសនៅក្នុងពន្ធធនាគារបានរយៈពេល ១ភាគ៣នៃរយៈពេលសរុប និងស្នើលើកលែងទោសចំពោះទណ្ឌិតដែលបានអនុវត្តទោស២ភាគ៣នៃរយៈពេលជាប់ពន្ធធនាគារ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំ​បន្ធូរបន្ថយទោស និងលើកលែងទោស។


ទោះបីជាយ៉ាងណា ការស្នើលើកលែងទោស ឬបន្ធូរបន្ថយទោស មិនត្រូវបានធ្វើឡើងចំពោះទណ្ឌិត ដែលបានប្រព្រឹទ្ធបទល្មើសមានចរិតកាចសហាវ និងមានព្យសនកម្មធ្ងន់ធ្ងរនោះទេ៕
 

អត្ថបទ៖ សំ ជំនាញ​ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024