ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទីតាំងជាង ១ម៉ឺនកន្លែង បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”  គិតត្រឹមវេលាម៉ោង១១ ថ្ងៃចន្ទ

២៣ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” នៅទូទាំងប្រទេស កាលពីថ្ងៃទី២០កុម្ភៈ គិតមកត្រឹមវេលាម៉ោង១១:៣០នាទី ថ្ងៃទី២២ ខែកុម្ភៈនេះ មានគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង ១ម៉ឺន បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រឹះស្ថាននានា និងសាធារណជន ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 

 

បន្ទាប់ពីកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid»  កាលពីថ្ងៃទី២០ កុម្ភៈ គិតមកត្រឹមវេលាម៉ោង១១:៣០នាទី ថ្ងៃទី២២ ខែកុម្ភៈនេះ គឺមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង១ម៉ឺន បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានមនុស្សស្កេនចូលតាមទីតាំងចំនួនជាង ១០ម៉ឺនដង។


ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ជូនរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។

 


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រឹះស្ថាននានា និងសាធារណជនចូលរួមប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ។ 

ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ រួមនឹង អភិបាលខណ្ឌទាំង១៤ ក៏បានស្វាគមន៍ គាំទ្រ និងបេ្តជ្ញាជំរុញអាជីវកម្មក្នុងខណ្ឌទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធនេះផងដែរ។

 


គួរបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ កុម្ភៈ កម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្កេនQR Code«ទប់ស្កាត់កូវីដ Stop Covid»  ដែលប្រព័ន្ធស្កេនQR Codeនេះ នឹងកក់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញ-ចូល និងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកអ្នកដែលបានជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩។  ដើម្បីទទួលបាន QR Codeនេះ យកទៅប្រើប្រាស់ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើនទាំងអស់ ដោយចូលទៅកាន់គេហទំព័រ stopcovid.gov.kh រួចហើយចុចលើពាក្យ«ស្នើសុំQR Code»។ បន្ទាប់មកបំពេញព័ត៌មាន រួចចុចលើពាក្យស្នើសុំQR Code និង Download ដើម្បីទទួលបាន QR Code មួយសន្លឹក យកទៅព្រីន និងបិទនៅមុខទីកន្លែងចេញ-ចូលរបស់លោកអ្នក។ ការប្រើប្រាស់ប្រព័ន្ធនេះ មិនតម្រូវឱ្យចំណាយអ្វីនោះឡើយ៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024