ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ក្រសួងការងារ ប្រកាសផាកពិន័យលើពលករខ្មែរ គេចវេសមិនធ្វើចត្តាឡីស័កត្រឹមត្រូវ

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផាកពិន័យ លើពលករខ្មែរ ដែលគេចវេស មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារធ្វើឡើង បន្ទាប់ពីបានមើលឃើញមានពលករខ្មែរមួយចំនួន មិនបានចូលរួមសហការធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវនោះទេ។

 


សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ តម្រូវឲ្យពលករទាំងអស់ អនុវត្តលើ ៣ចំណុចសំខាន់។ ទី១-មិនត្រូវលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ ចំពោះអាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។

 


ទី២-ករណីត្រូវចូលមកកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះ មិនព្រមធ្វើចត្តាឡីស័កត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០ រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌ ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន និងទី៣-សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតពាក់ព័ន្ធនឹងមេខ្យល់ ដែលសន្យានាំពលករឆ្លងដែន ចេញ-ចូលខុសច្បាប់កម្ពុជា។

 


សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅតែមានពលករខ្មែរមួយចំនួនបន្តត្រឡប់ចូលមកប្រទេសកម្ពុជាវិញ បើទោះបីជាមានការហាមប្រាមពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃយ៉ាងណាក៏ដោយ។ ជារឿយៗ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ តែងអំពាវនាវដោយទទូចដល់ពលករកម្ពុជាទាំងឡាយ ដែលកំពុងស្នាក់នៅប្រទេសថៃ សូមរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងសិន ដោយកុំទាន់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឱ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

 


ទោះបីជាយ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខេត្តជាប់ព្រំដែនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ ឱ្យបានរយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដើម្បីការពារសុខភាពពលករ និងសុខភាពសាធារណៈ៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024