ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ឆ្នាំ២០២១នេះ កូរ៉េខាងត្បូង បើកភ្លើងខៀវ ទទួលតែពលករកម្ពុជាប៉ុណ្ណោះ

២២ មករា ២០២១ | ព័ត៌មានជាតិ

នៅឆ្នាំ២០២១នេះ សាធារណៈរដ្ឋកូរ៉េ សម្រេចទទួលយកតែពលករ បញ្ជូនមកប្រទេសកម្ពុជាប៉ុណ្ណោះ។ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ថា ការផ្ដល់អាទិភាពជូនតែកម្ពុជា គឺដោយសារសាធារណៈកូរ៉េ ផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

 


នៅឆ្នាំ២០២១នេះ មានប្រទេសជាច្រើនបានបន្តការចរចាជាមួយសាធារណៈកូរ៉េ ដើម្បីស្នើបញ្ជូនពលករទៅបំពេញការងារ។ ប៉ុន្តែមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលទទួលបានការឯកភាពពីប្រទេសកូរ៉េ។  នេះបើផ្អែកតាមការបញ្ជាក់ពីឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

 


បើតាមឯកឧត្តម ឡុង ឌីម៉ង់ ការបញ្ជូនពលករខ្មែរមកបំពេញការងារនៅប្រទេសកូរ៉េខាង ត្បូងនៅឆ្នាំ២០២០ មានលក្ខណៈរឹតត្បិត ដោយសារតែការកើតឡើងខ្លាំងនៅមេរោគឆ្លងកូវីដ១៩ និងការហាមឃាត់ក្នុងការមិនទទួលយកពលករធម្មតាទាំង១៦ប្រទេស ពីសំណាក់រដ្ឋាភិបាលកូរ៉េ។

 


ប៉ុន្តែនៅអំឡុងខែវិច្ឆិកា ជាឱកាសរបស់កម្ពុជា ដែលរដ្ឋាភិបាលកូរ៉េ បានអនុញ្ញាតឱ្យពលករកម្ពុជា មកបម្រើការងារនៅសាធារណរដ្ឋកូរ៉េបន្តទៀត ដោយសារតែ មានសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យនេះ ការគ្រប់គ្រង ដោះស្រាយបញ្ហាពលករមានប្រសិទ្ធិភាពខ្ពស់ និងជាពិសេសការគ្រប់គ្រងបញ្ហាជំងឺកូវីដបានល្អនៅប្រទេសកម្ពុជាផងដែរ។ 

 


គួរម្លឹកថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានពលករវគ្គធម្មតា មកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួន ៩១៩នាក់ និងពលករគម្រូបន្តអាណត្តិម្ដងទៀត មានចំនួន ១,១៨១នាក់។ បច្ចប្បន្នមានពលរដ្ឋកម្ពុជារស់នៅធ្វើការ និងសិក្សានៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ ក្នុងនោះភាគច្រើនគឺជាពលករ។ 


ប្រមុខស្ថានទូតកម្ពុជារំពឹងថាតម្រូវការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩នៅផ្ដល់ផលវិជ្ជមានបន្ថែមទៀតដល់ការងារបញ្ជូនពលកររវាងប្រទេសទាំងពីរកម្ពុជា កូរ៉េ៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024