ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

កូរ៉េ ផ្ដល់កូតាពលករដល់កម្ពុជា ចំនួន ៣៤០៤នាក់ ក្នុងឆមាសទី១

១៦ មីនា ២០២១ | ព័ត៌មានជាតិ

សាធារណរដ្ឋកូរ៉េ បានសម្រេចផ្ដលកូតាពលករដល់កម្ពុជា ចំនួន ៣៤០៤នាក់ សម្រាប់ឆមាសទី១ ដែលត្រូវការក្នុងវិស័យឧស្សាហកម្ម ខណៈវិស័យផ្សេងទៀត កូរ៉េនឹងផ្ដល់ឱ្យនៅឆមាសបន្ទាប់។ និយោជកកូរ៉េ តែងតែកោតសរសើរចំពោះពលករកម្ពុជា ដែលកំពុងធ្វើការ នៅទីនោះ ព្រោះពួកគេមើលឃើញភាពតស៊ូ ឧស្សាហ៍ព្យាយាម និងភាពស្មោះត្រង់របស់ពលករកម្ពុជា។

 


រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ឯកឧត្ដម អ៊ិត សំហេង បានអោយដឹងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងរួចហើយពីការបែងចែកកូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។ 

 


ឯកឧត្ដមបន្តថា បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន៥០ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ២០២១ ដែលក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ 

 


ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើនៅប្រទេសកូរ៉េក្នុងឆ្នាំ២០២១ មានចំនួនសរុបជាង ២២,៦០០ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២០០នាក់, វិស័យកសិកម្ម និងចិញ្ចឹមសត្វ ចំនួន ជិត៥,៨០០នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង។

 


នៅក្នុងជំនូបជាមួយរដ្ឋមន្ត្រីក្រសួងការងារនាពេលកន្លងមក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។ លោកទូតបានបញ្ជាក់ថា មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់។


សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបជិត៧ម៉ឺននាក់ ស្រីជាង១៤០០០ នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៥ឆ្នាំ៕


អត្ថបទ៖ សំ ជំនាញ រូបភាព៖ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024