ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជា អំពាវនាវពលករខ្មែរ នៅថៃរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងសិន កុំទាន់ឆ្លងដែន

១៨ មករា ២០២១ | ព័ត៌មានជាតិ

គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បាន​អំពាវនាវសា​ជាថ្មី ដល់បងប្អូនពលករកម្ពុជានៅទីនោះ ត្រូវរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងសិន។ ការរក្សាភាពនឹងនរនេះ ​ជាកិច្ចសហការជាមួយអាជ្ញាធរថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត១៩។ បន្ទាប់ពីការផ្ទុះ​ឡើងកូវីត១៩ នៅប្រទេសថៃ ឃើញថា មានបងប្អូនពលករកម្ពុជាមួយចំនួន ព្យាយាមឆ្លងមកកម្ពុជាវិញ ហើយមកដល់ពេលនេះ រកឃើញអ្នកឆ្លងកូវីដ ដែលជាពលករខ្មែរ កើនឡើងដល់ ៥៦នាក់ហើយ​។

 


រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​អំពាវនាវ​ដល់​ពលករ​កម្ពុជា ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​ទៀត ចៀសវាង​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ថៃ ។

 


គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​បាន​បញ្ជាក​ដែរ​ថា ក្នុង​ពេល​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ថៃ​នោះ អាជ្ញាធរ​ថៃ​នឹង​មិន​មាន​វិធានការ​ច្បាប់​ប្រឆាំង​នឹង​និយោជក ក៏​ដូច​ជា ពលករ​បរទេស​ដែល​កំពុងធ្វើការ និង​ស្នាក់​នៅ​មួយ​កន្លែង​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ពលករ​បរទេស​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​មាន​បំណង​ចង់​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​នោះ នឹង​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន ហើយ​ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថែម​ទៀត​ដែរ ។

 


រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់ ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ អំពាវនាវ​យ៉ាង​ទទូច​ដល់​ពលករ​កម្ពុជា​ទាំងឡាយ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​ស្រាប់ សូម​រក្សា​ភាព​នឹងនរ និង​បន្ត​ស្នាក់​នៅ​មួយ​កន្លែង​សិន ដោយ​កុំ​ទាន់​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​សោះ ហើយ​សូម​ជឿ​ទុកចិត្ត​លើ​សមត្ថភាព និង​លទ្ធភាព​ទប់ស្កាត់ ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ របស់​អាជ្ញាធរ​ថៃ។

 


សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះមានបានរកឃើញអ្នកធ្វើដំណើរមកពីប្រទេសថៃចំនួន១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះមានពលករមកពីប្រទេសថៃសរុបចំនួន៥៦នាក់ហើយ ត្រូវបានរកឃើញថា បានឆ្លងកូវីដ-១៩ ភាគច្រើនជាស្រ្តី៕

 

អត្ថបទ៖ សំ ជំនាញ        រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024