ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ទួគីប្រកាសចូលរួមជាមួយអាហ្វ្រិកខាងត្បូងក្នុងបណ្តឹងប្រល័យពូជសាសន៍ប្រឆាំងអ៊ីស្រាអ៊ែលនៅតុលាការICJ

 

 

 

លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសទួគី នៅថ្ងៃពុធ(១ឧសភា) បានឱ្យដឹងថា ប្រទេសទួគី នឹងចូលរួមជាមួយនិងប្រទេសអាហ្វ្រិកខាងត្បូងក្នុងបណ្តឹងប្រល័យពូជសាសន៍ប្រឆាំងនឹងប្រទេសអ៊ីស្រាអ៊ែលនៅតុលាការយុត្តិធម៌អន្តរជាតិICJ(International Court of Justice)។ 

 

« នៅពេលបញ្ចប់អត្ថបទផ្លូវច្បាប់នៃការងាររបស់យើង យើងដាក់នឹងបញ្ជូនសេចក្តីប្រកាសអំពីអន្តរាគមន៍ជាផ្លូវការ ទៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងគោលបំណងអនុវត្តសេចក្តីសម្រេចនយោបាយនេះ»។ លោកFidan លើកឡើងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកស្រី  Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនៅទីក្រុងអង់ការ៉ា។ 

 

«ទួគីនឹងបន្តគាំទ្រប្រជាជនប៉ាលេស្ទីននៅក្នុងគ្រប់កាលៈទេសៈ»។ រដ្ឋមន្ត្រីការបរទេសទួគីបន្ថែម។ 

 

តុលាការអន្តរជាតិICJ កាលពីខែមករា បានបញ្ជាឱ្យប្រទេសអ៊ីស្រាអ៊ែលមិនធ្វើនូវ​រាល់​ទង្វើ​ដែល​អាចល្មើសនិងអនុសញ្ញា​ប្រល័យពូជសាសន៍ ហើយត្រូវធានាថាយោធារបស់ខ្លួនមិនប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាលេស្ទីន។ សេចក្តីសម្រចនេះ បានធ្វើឡើងក្រោយប្រទេសអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអ៊ែលប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។

 

នៅខែមករាដដែល លោកTayyip Erdogan ប្រធានាធិបតីទួគី បានលើកឡើងថា ទួគីផ្តល់ឯកសារសម្រាប់ករណីបទល្មើសប្រល័យពូជសាសន៍ប្រឆាំងនឹងប្រទេសអ៊ីស្រាអ៊ែលនៅតុលាការយុត្តិធម៌អន្តរជាតិICJ។ 

 

ប្រទេសអ៊ីស្រាអ៊ែល នឹងបណ្តាប្រទេសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានចាត់ទុកការចោទប្រកាន់ថាគ្មានមូលដ្ឋាន។ សេចក្តីសម្រេចចុងក្រោយក្នុងបណ្តឹងរបស់ប្រទេសអាហ្វ្រិកខាងត្បូង ប្រឆាំងនឹងប្រទេសអ៊ីស្រាអ៊ែលករណីប្រល័យពូជសាសន៍អាចនឹងប្រើពេលច្រើនឆ្នាំ។


 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024