ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

មន្ត្រី​ថា សង្គម​មិន​ផាត់​នរណា​ម្នាក់​ចោល លុះណាតែបានបង្កលក្ខណៈងាយស្រួលជាកញ្ចប់៣

២៦ មករា ២០២១ | ព័ត៌មានជាតិ

​​ពាក្យថា សង្គមសម្រាប់ទាំងអស់គ្នា ឬ​សង្គមិនផាត់នរណាម្នាក់ចោល គឺជាទិសស្លោក ដែលត្រូវបានប្រើយ៉ាងសុះសាយ ជាពិសេសនៅក្នុងចំណោមពួកអ្នកធ្វើការ ដើម្បី​ជួយសង្គម ប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកពិការភាពលើកឡើងថា សង្គមនឹងអាចក្លាយជាបែបនោះ បាន លុះណាតែ​បង្កលក្ខណៈស្រួលជាកញ្ចប់ចំនួន ៣ សម្រាប់ជនមានពិការភាពគ្រប់ប្រភេទផង ខណៈ​​បច្ចុប្បន្ន ការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅមានកម្រិតនៅឡើយ​។

 


ទី១ ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់គ្រប់ប្រភេទ រាប់ចាប់ពីមហាវិថី រហូតដល់ផ្លូវលំ និង ផ្លូវច្រកចូលផ្សេងៗ ផ្លូវតភ្ជាប់អាគារ ផ្លូវថ្មើជើង ផ្លូវក្រោមដី និង ផ្លូវអាកាស ។ អគារគ្រប់ប្រភេទ ដូចជាអាគារក្រសួង អាគាររដ្ឋបាល សាលាខេត្ត សាលាស្រុក ខណ្ឌ សាលាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាល ។ អាគារសាសនា ដូចជាវត្តអារាម ព្រះវិហារ សាលាឆាន់ សាលាឆទាន មជ្ឈមណ្ឌលសាសនា ទីសក្ការបូជា ។ អាគារកម្សាន្ត មានរោងភាពយន្ត និង សាលាមហោស្រព ។ អាគារពាណិជ្ជកម្ម មានផ្សារ ផ្សារទំនើប សប់ភីងសិនធ័រ ។ អាគារសម្រាប់ទទួលទាន មានអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ  កង់ទីន ។ អាគាររស់នៅ ឬ ស្នាក់នៅគ្រប់ប្រភេទ រាប់ចាប់ពី សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ បឹងហ្គាឡូ ផ្ទះល្វែង ផ្ទះជួល ។ អាគារចំណតគ្រប់ប្រភេទ ដូចជា អាគារព្រលានយន្តហោះ អាគារស្ថានីយរថភ្លើង អាគារស្ថានីយរថយន្ត អាគារស្ថានីយទូក ឬ កប៉ាល់ ។ ទីធ្លាដែលមានសួនគ្រប់ប្រភេទដូចជាសួនកុមារ សួនមនុស្សចាស់ សួនកីឡា សួនកម្សាន្ត សួនទឹក ។ រម្យណីយដ្ឋានដូចជារម្យណីយដ្ឋានធម្មជាតិ ឬ កែច្នៃ រីសត និង ឆ្នេរសមុទ្ទជាដើម ។

 


ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និង អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការថ្លែងយ៉ាងលម្អិតបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ទបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និង កម្រងឯកសារបណ្តុះបណ្តាល នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ នេះ ។

 


ចំពោះកញ្ចប់ ទី២ គឺមធ្យោបាយធ្វើដំណើរ ឬ ដឹកជញ្ជូន ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ទាំងមធ្យោបាយដឹកជញ្ជូនផ្លូវគោក ដូចជារថយន្តគ្រួសារ រថយន្តទេសចរណ៍ រយន្តក្រុង រថយន្តឈ្នួល រ៉ម៉កម៉ូតូ ម៉ូតូកង់ ២ និង កង់ ៣ ជាដើម ។ ចំណែកផ្លូវដែកមានដូចជារថភ្លើង ឡូរី និង ត្រាំ  ។ ខណៈផ្លូវទឹក មានដូចជាទូក កាណូត កប៉ាល់ សាឡាង ទូកទេសចរណ៍ ។ ចំណែកផ្លូវអាកាសមានយន្តហោះ និង ឧទ្ធម្ភាគចក្រជាដើម ក៏សុទ្ធតែត្រូវគិតគូរបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាពគ្រប់ប្រភេទ ។

 


កញ្ចប់ទី ៣ គឺមធ្យោបាយទំនាក់ទំនង មានប្រព័ន្ធសំឡេង ឧបករណ៍ជំនួយការស្តាប់ ការមើលដូចជាអក្សរធម្មតា អក្សរស្ទាប ឬ អក្សរប្រេល ភាសាសញ្ញា  វ៉ែនតាសម្រាប់ការអាន និង មើលឆ្ងាយជាដើម ។

 


ចំពោះអាគារនានា ឯកឧត្តម ឯម ច័ន្ទមករា បានសំណូមពរថា ទាំងសំណង់ចាស់ និង សំណង់ថ្មី ម្ចាស់សំណង់ និង អ្នកពាក់ព័ន្ធ ដូចជាអ្នកគូរប្លង់ និង អ្នកបំពាក់បរិក្ខាជាដើម ត្រូវកែច្នៃ គិតគូរ បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពគ្រប់ប្រភេទ តាំងពីផ្លូវសម្រាប់ជនពិការភ្នែក ឬ ផ្លូវប្រេល  ផ្លូវជម្រាល ភ្នាក់ដៃក្នុងបន្ទាប់ទឹក និង ជណ្ដើរយន្តជាដើម ៕

 

អត្ថបទ៖ ខឿន សាឃាង​ រូបភាព៖ ឆិល សុភ័ស្ត និង​ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024