ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីថា ការរើសអើងចំពោះខ្លួនឯង គឺជាឧបសគ្គដ៏ធំបំផុត សម្រាប់ជនមានពិការភាព

១៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

មន្ត្រីសង្គមកិច្ច ជាអ្នកធ្វើការលើវិស័យពិការភាព បានប្រាប់ទៅជនមានពិការភាពគ្រប់ប្រភេទថា សូមបញ្ឈប់ការរើសអើងចំពោះខ្លួនឯង ហើយត្រូវក្លាហានចេញមកប្រឡូកក្នុងសង្គមគ្រប់វិស័យ ដូចមនុស្សដទៃ ព្រោះថា ការរើសអើងរបស់ជនមានពិការភាព ទៅលើខ្លួនឯង គឺជាឧបសគ្គដ៏ធំបំផុតមួយ សម្រាប់ជនមានពិការភាព។

 


ការប្រកាន់រើសអើងពីសំណាក់អ្នកដទៃ គឺជារឿងមួយ ហើយឧបសគ្គ ដែលកើតពីកង្វះការបង្កលក្ខណៈងាយស្រួលនៅតាមទីសាធារណៈជាដើម គឺជាបញ្ហាមួយផ្សេងទៀត។ ប៉ុន្តែបញ្ហា ឬ ឧបសគ្គធំបំផុតមួយ សម្រាប់ជនមានពិការភាព គឺជនមានពិការភាពរើសអើងចំពោះខ្លួនឯង។ ហេតុនេះ សូមជនមានពិការភាពគ្រប់ប្រភេទទាំងអស់ មេត្តាបញ្ឈប់ការរើសអើងចំពោះខ្លួនឯង កុំទុកដាក់ខ្លួនឯងឱ្យនៅដាច់ពីអ្នកដទៃ ហើយត្រូវក្លាហានចេញមកចូលរួមជាមួយអ្នកដទៃនៅក្នុងគ្រប់សកម្មភាព នៃ សង្គម ។ នេះគឺជាការលើកឡើងរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច នៅក្នុងកិច្ចប្រជុំបណ្តាញអង្គការតំណាងជនពិការថ្នាក់ជាតិ ស្តីពី ការអនុវត្តបរិយាបន្នការងារសម្រាប់ជនមានពិការភាព នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ នៅឯសណ្ឋាគារ ភ្នំពេញ ។

 


តាមពិតទៅបច្ចុប្បន្ននេះ បើទោះជាបញ្ហានានារបស់ជនមានពិការភាព ដូចជាការបង្កលក្ខណៈងាយស្រួលនៅតាមទី និង មធ្យោបាយធ្វើដំណើរសាធារណៈជាដើម នៅមានកម្រិតនៅឡើយក្តី ប៉ុន្តែត្រូវបានមើលឃើញជាទូទៅថា ជនមានពិការភាពគ្រប់ប្រភេទ កំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល  ដៃគូពាក់ព័ន្ធជាតិ អន្តរជាតិ និង សង្គមជាដើម ។

 


ប៉ុន្តែការណ៍ដែលលោក យៀប ម៉ាលីណូ លើកឡើងខាងលើនេះ ដោយសារត្រូវបានមើលឃើញថា ជនមានពិការភាពខ្លះ នៅតែស្ទាក់ស្ទើរ ឬ មិនមានភាពជឿជាក់ មិនហ៊ានចេញមុខ ចូលខ្លួនទៅប្រឡូកក្នុងសង្គម ដោយគិតថា ពួកគាត់គឺជាជនមានពិការភាព ។ គឺចំណុចនោះឯងហើយដែលលោក យៀប ម៉ាលីណូ ហៅថាគឺជាការរើសអើងរបស់ជនមានពិការភាពចំពោះខ្លួនឯង ។

 


ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជនមានពិការភាពខ្លះ មិនស្រវាស្រទេញ ឬ មិនសូវម៉ឺងម៉ាតប្រឹងប្រែងក្នុងការបង្កើតភាពឯករាជ្យក្នុងជីវិតរបស់ខ្លួន ដោយផ្តេកផ្តួលទៅលើពិការភាពរបស់ខ្លួនទៅវិញ ដែលប្រការនោះ គឺជាអ្វីដែលអ្នកធ្វើការលើវិស័យពិការភាពទាំងឡាយ តែងតែពន្យល់ដល់ជនមានពិការភាពទាំងនោះឱ្យផ្លាស់ប្តូរការគិតបែបនោះចោលចេញ៕

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024