ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ស្ថាប័នពាក់ព័ន្ធ កំពុងគណនាថ្លៃដើមសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា

០៩ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

មូលនិធិជនពិការ បានរៀបចំសិក្ខាសាលាមួយ ដើម្បីពិគ្រោះយោបល់ ស្តីពីឧបករណ៍គណនាថ្លៃដើម នៃសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ចូលរួមដោយតំណាងស្ថាប័នដែលធ្វើការលើវិស័យស្តារលទ្ធភាពពលកម្មថ្នាក់ជាតិ និង អន្តរជាតិ ដូចជាតំណាងអង្គការ ICRC អង្គការ EXCEED អង្កការ VIC អង្គការ HI កម្មវិធី ACCESS និង តំណងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួនទាំង  ១១ ។

 


សិក្ខាសាលាមានគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បី ឯកភាពគ្នាលើការបង្កើតទម្រង់ និងឧបករណ៍គណនាថ្លៃដើម ឱ្យទៅជាជាស្តង់ដាររួមសម្រាប់មណ្ឌលស្តារលទ្ធភាពពលកម្មទាំងអស់ និង ចែករំលែកបទពិសោធន៍ នៃ ការប្រើប្រាស់ឧបករណ៍គណនាថ្លៃដើម ដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត កំពង់ចាម។ 

 


លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានមានប្រសាសន៍ថា ឧបករណ៍គណនាថ្លៃដើមសម្រាប់សេវាស្តារលទ្ធភាពពលកម្ម ជាឧបករណ៍សំខាន់មួយ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចំរើនផ្នែកសេដ្ឋកិច្ច ដូចនេះការផ្តល់សេវាលទ្ធភាពពលកម្មនឹងត្រូវមានការបង់ថ្លៃ ដើម្បី ទ្រទ្រង់ដំណើរការសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះជនពិការដែលមានលទ្ធភាព និង ជីវភាពសមរម្យ ។ ចំពោះជនពិការក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬឯកសារបញ្ជាក់ភាពក្រីក្រ នឹងទទួលបានសេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ។ 

 


ដោយឡែក កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារបញ្ហាជាសកល នៃ ជំងឺកូវីដ១៩ មូលនិធិជនពិការ តាមរយៈមជ្ឈមណ្ឌលមណ្ឌលស្តារទាំង ១១ កន្លែង បានផ្តល់សេវាជូនជនពិការចំនួន ១៦ ៦០១ នាក់ ស្មើប្រមាណនឹង ៦០ ភាគរយ ធៀបនឹងផែនការ។ មូលនិធិជនពិការក៏បានសាងសង់ផ្ទះជូនជនពិការក្រីក្រចំនួន ៩ ខ្នងផ្ទះ បានផ្តល់ជាកញ្ចប់អំណោយសប្បុរសធម៌ដល់ជនពិការចំនួន ៣៦៨ គ្រួសារ និង បានបើកផ្តល់ប្រាក់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រចំនួន ១ ៦៥៥នាក់ ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ មូលនិធិជនពិការ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024