ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការគ្រប់គ្រងវិស័យពិការភាពនៅ​កម្ពុជា នឹងត្រូវដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា

២៦ មករា ២០២១ | ព័ត៌មានជាតិ

គឺជាវឌ្ឍនភាពមួយទៀត សម្រាប់វិស័យពិការភាពនៅ កម្ពុជា ដោយសារឥឡូវនេះ អ្នកពាក់ព័ន្ធបាន និង កំពុងធ្វើកិច្ចការយ៉ាងមមាញឹក ក្នុងការប្រមូលទិន្នន័យពិការភាព បញ្ចូលជាកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលនឹងផ្តល់ភាពងាយស្រួលដល់ជនមានពិការភាព និង អ្នកផ្តល់សេវា នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និង ចំគោលដៅ នៅពេលផ្តល់សេវាសាធារណៈ និង ពេលផ្តល់សេវាយុត្តិធម៌ជាដើម ដល់ជនមានពិការភាព ។

 

 

ការគ្រប់គ្រងវិស័យពិការភាពដោយប្រព័ន្ធបច្ចេកកវិទ្យា នឹងផ្តល់ភាពងាយស្រួល និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដល់ជនមានពិការភាព ក៏ដូចជាអ្នកធ្វើការលើវិស័យពិការភាព និង អ្នកផ្តល់សេវាសាធារណៈ ជាពិសេសពេលជនមានពិការភាពត្រូវការសេវាសាធារណៈ និង សេវាយុត្តិធម៌ជាដើម ។ នេះគឺជាការលើកឡើងរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ ២៥ រាជធានី ខេត្ត លើការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូបែបសង្គម និង សិទ្ធិជាមូលដ្ឋាន នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ នេះ ។

 


លោក យៀប ម៉ាលីណូ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តចំនួន ៨ ត្រូវបានបណ្តុះបណ្តាល និង ដាក់ឱ្យដំណើរការដោយរលូនរួចហើយនូវការប្រមូល បញ្ចូល និង គ្រប់គ្រងទិន្ន័យវិស័យពិការភាពតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងនោះមានខេត្ត សៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ ក្រចេះ បន្ទាយមានជ័យ និង ឧត្តរមានជ័យ ជាដើម ។

 


សម្រាប់ឆ្នាំ ២០២១ នេះ អ្នកពាក់ព័ន្ធបានគ្រោងថវិកាចំនួន ៤០ ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណាយទៅលើការបណ្តុះបណ្តាល និង អនុវត្តនូវកម្មវិធីក្នុងការធ្វើអត្តសញ្ញាណកម្មពិការភាពតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែលនឹងគ្រប់ណ្ដត់ទៅលើគ្រប់ឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេស កម្ពុជា ដោយក្នុងមួយឃុំ ត្រូវការមន្ត្រីបង្គោល ២ នាក់  ។ ដូច្នេះកម្មវិធីនេះ ត្រូវការមន្ត្រីបង្គោលថ្នាក់ឃុំ សង្កាត់ សរុប ២ ២៧២ នាក់ ហើយកន្លងមកមានមន្ត្រីបង្គោលជាង ១ ៦០០ នាក់ ត្រូវបានបណ្តុះបណ្តាល និង កំពុងបំពេញការងាររួចហើយ ។

 


លោក យៀប ម៉ាលីណូ បានសំណូមពរ ដល់មេឃុំ និង ចៅសង្កាត់ នៅទូទាំងប្រទេស មេត្តាជំរុញមន្ត្រីរបស់ខ្លួនដែលជាអ្នកទទួលបន្ទុកកំណត់អត្តសញ្ញាណកម្មពិការភាពនេះឱ្យបំពេការងាររបស់ខ្លួនឱ្យបានល្អ និង សូមឱ្យមានកិច្ចប្រជុំជាទៀងទាត់ ដើម្បី ពិនិត្យផ្តៀងផ្ទាត់ ដំណើរការ នៃ ការងារ នៅថ្នាក់ឃុំ ឬ សង្កាត់នីមួយៗ ហើយក៏សូមឱ្យជនមានពិការភាពទាំងអស់ ក៏ដូចជាគ្រួសាររបស់ជនមានពិការភាព មេត្តាសហការឱ្យបានពេញលេញជាមួយមន្ត្រីដែលចុះធ្វើអត្តសញ្ញាណកម្មពិការភាព ។

 


ឯកឧត្តម សួន ម៉េងឡុង រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានលើកឡើងថា ជនមានពិការភាព នឹងនៅតែជាអ្នកក្រីក្រពីមួយជំនាន់ទៅមួយជំនាន់ ប្រសិនបើខ្វះការគិតគូរយកចិត្តទុកដាក់ជួយទំនុបម្រុងផ្ចុងផ្តើម ។ ប៉ុន្តែភាពក្រីក្រ នឹងតាមញាំញីលើជីវិតជនមានពិការភាព និង គ្រួសាររបស់ពួកគាត់ លែងបានទៀតហើយ បន្ទាប់ពីទទួលបានការជួយទំនុកបម្រុងពីអ្នកពាក់ព័ន្ធដូចអ្វីដែលបាន និង កំពុងធ្វើនេះ ៕

 

អត្ថបទ៖ ខឿន សាឃាង​ រូបភាព៖ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024