ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីសូមឱ្យគ្រួសារជនមានពិការភាព សហការធ្វើអត្តសញ្ញាណកម្ម

២៨ កញ្ញា ២០២១ | ព័ត៌មានជាតិ

ព័ត៌មានពិការភាព ដែលបានមកពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូបសង្គម គឺជាកត្តាដ៏សំខាន់បំផុតមួយ សម្រាប់ជនមានពិការភាព ក្នុងការទទួលបានសេវាផ្សេងៗ និងកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកន្លងមក គ្រួសារជនមានពិការភាពជាច្រើន មិនសូវចេញមកផ្តល់ព័ត៌មានក្នុងការធ្វើអត្តសញ្ញាណកម្មឡើយ ហេតុនេះ មន្ត្រីទទួលបន្ទុក បានអំពាវនាវដល់គ្រួសារជនមានពិការភាពថា សូមកុំអៀនខ្មាស មេត្តាចេញមកផ្តល់ព័ត៌មាន ដើម្បីធ្វើអត្តសញ្ញាណកម្មពិការភាពឱ្យបានគ្រប់ៗគ្នា។

 


សូមបងប្អូនជនមានពិការភាព ជាពិសេសក្រុមគ្រួសាររបស់ជនមានពិការភាពទាំងអស់ នៅទូទាំងប្រទេស មេត្តាកុំអៀនខ្មាស កុំស្ទាក់ស្ទើរ ចេញមកផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ក្រុមការងារក្នុងការធ្វើអត្តសញ្ញាណកម្មជនមានពិការភាពគ្រប់ប្រភេទ ឱ្យបានគ្រប់ៗគ្នា ពីព្រោះព័ត៌មានពិការភាព ដែលបានមកពីការធ្វើអត្តសញ្ញាណកម្មពិការភាព តាមគំរូមសង្គមនោះ ពិតជាមានសារប្រយោជន៍ ឬ សំខាន់ខ្លាំងណាស់សម្រាប់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ ។ នេះគឺជាការលើកឡើងរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នាឱកាសផ្តល់បទសម្ភាសន៍ផ្តាច់មុខ ដល់ PNN នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

 


សូមជម្រាបថា ព័ត៌មានពិការភាព ដែលបានមកពីការធ្វើអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម គឺជាកត្តាដ៏សំខាន់បំផុតមួយសម្រាប់ជនមានពិការភាព ក្នុងការទទួលបាននូវកិច្ចអន្តរាគមន៍នានាពីរាជរដ្ឋាភិបាល ក៏ដូចជាអង្គក្រៅរដ្ឋាភិបាលជាតិអន្តរជាតិ និង វិស័យឯកជននានា ដូចជា ដើម្បី ទទួលបានកញ្ចប់ជំនួយសង្គម សេវាសុខភាព សេវាអប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ រមណីយដ្ឋាន និង កិច្ចអន្តរាគមន៍នានាជាច្រើនទៀត ដូចជាពេលមានគ្រោះធម្មជាតិជាដើម ក៏ដូចជា ដើម្បី រៀបចំផែនការប្រកបដោយប្រសិទ្ធភាព និង ចំគោលដៅដែលជាសេចក្តីត្រូវការពិតប្រាកដ និង គ្រប់ជ្រុងជ្រោយរបស់ជនមានពិការភាពគ្រប់ប្រភេទ ។

 


ក៏សូមជម្រាបជូនផងដែរថា រហូតមកដល់ពេលនេះ ជនមានពិការប្រមាណជាជាង ១៩ ម៉ឺននាក់ហើយ ដែលត្រូវបានធ្វើអត្តសញ្ញាណកម្ម ក្នុងចំណោមជនមានពិការភាពប្រមាណជាជាង ៥០ ម៉ឺននាក់នៅទូទាំងប្រទេស ហើយឧបសគ្គដ៏ចម្បងបំផុតមួយក្នុងការកំណត់ ឬ ធ្វើអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមដែលបានជួប្រទះកន្លងមក គឺគ្រួសារជនមានពិការភាពជាទូទៅ មិនសូវអើពើក្នុងការផ្តល់កិច្ចសហការ ឬ អៀនខ្មាស មិនចង់ចេញមកផ្តល់ព័ត៌មាន ដល់ក្រុមការងារកំណត់អត្តសញ្ញាណកម្ម ។ នេះបើតាមការអះអាងរបស់លោក យៀប ម៉ាលីណូ ដដែល ៕

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត និង ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024