ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

កូវីដ-១៩ ចាប់ផ្តើមលុក ឆ្លងដល់ជនមានពិការភាព

១៤ ឧសភា ២០២១ | ព័ត៌មានជាតិ

រយៈពេល ២ ថ្ងៃជាប់គ្នាចុងក្រោយនេះ ជនមានពិការភាព ៦ នាក់ និងកូនរបស់ពួកគាត់ ២ នាក់ទៀត ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ បណ្តាលឱ្យអ្នកធ្វើការលើកវិស័យពិការភាព ព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវក្រើនរំឭកឡើងវិញ ឱ្យជនមានពិការភាព និងក្រុមគ្រួសារ អនុវត្តវិធានការ ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន និងស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

 


សូមបងប្អូនជនមានពិការភាព ក្រុមគ្រួសារ និង អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស រួមទាំងអ្នកធ្វើការក្នុងវិស័យពិការភាពផង មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត អនុវត្តឱ្យបានខ្ជាប់ខ្ជាប់ កុំបីធ្វេសប្រហែសឱ្យសោះ នូវវិធានការ ៣ ការពារ ៣ កុំ និង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងករណីប្រភេទពិការភាព និង សុខភាព អនុគ្រោះដល់ការចាក់វ៉ាក់សាំង ។ នេះគឺជាការអំពាវនាវរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។

 


ការអំពាវនាវក្រើនរំឭកយ៉ាងទទូចរបស់លោក យៀប ម៉ាលីណូ យ៉ាងដូច្នេះ ដោយសាររយៈពេលពីរថ្ងៃជាប់គ្នាចុងក្រោយនេះ គឺថ្ងៃទី ១១ និង ទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នេះ ជនមានពិការភាពចំនួន ៦ នាក់ ក្នុងនោះ នៅភ្នំពេញ ៤ និង នៅខេត្ត ព្រះសីហនុ ២ នាក់ ប្តីប្រពន្ធ  បន្ថែមដោយកូនរបស់គាត់ទាំង ២ នាក់ ដែលមិនមែនជាជនមានពិការភាព ពោលគឺ ១ គ្រួសារតែម្តង ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ដែលប្រការនេះ បណ្តាលឱ្យអ្នកធ្វើការលើវិស័យពិការភាព ក៏ដូចជា លោក យៀប ម៉ាលីណូ មានក្តីបារម្ភយ៉ាងខ្លាំង ហើយព្រឹត្តិការណ៍នេះ ត្រូវបានកត់សម្គាល់ថា គឺជាការចាប់ផ្តើមលុកលុយ នៃ ជំងឺកូវីដ-១៩ ទៅក្នុងចំណោមជនមានពិការភាព ព្រោះតាំងពី កម្ពុជា ត្រូវបានយាយីដោយជំងឺកូវីដ-១៩ មក ជនមានពិការភាពតែ ១ ករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ ។

 


ក៏សូមជម្រាបជូនផងដែរថា កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធ ដោយរួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផង បានយកចិត្តទុកដាក់ និង ខិតខំសម្របសម្រួល ធ្វើយ៉ាងណាឱ្យជនមានពិការភាព ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្របទៅនឹងប្រភេទពិការភាព សុខភាព និង ឆាប់តាមដែលអាចធ្វើទៅបាន ហើយជាលទ្ធផល  គិតមកដល់ពេលនេះ ជនមានពិការប្រមាណជា ៥០០ នាក់ហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះបើតាមការអះអាងរបស់លោក យៀប ម៉ាលីណូ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ នេះ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024