ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ប្រើប្រាស់ទឹកសន្សំសំចៃ

២០ មករា ២០២១ | ព័ត៌មានជាតិ

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវអោយប្រជាពលរដ្ឋ ប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាលសម្រាប់រដូវប្រាំងនេះ ព្រោះផ្អែកតាមការវាយតម្លៃពីអន្តរជាតិ គឺកម្ពុជា នឹងទទួលរងឥទ្ធិពលបាតុភូត អែនសូ នៅពេលខាងមុខ ដែលអាចបង្កជាអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត។

 


នៅព្រឹកថ្ងៃទី១៩មករានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករអាកាសធាតុលើកទី១សម្រាប់រដូវប្រាំង និងដើមរដូវវស្សានៃឆ្នាំ២០២១ និងបានអះអាងថា ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ គឺកម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូត អែនសូ(Enso) នៅពេលខាងមុខ។ ក្រសួងបន្តថា បច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះបាតុភូតមួយចំនួន ដូចជា បាតុភូត La Nina ដែលធ្វើឱ្យអាកាសធាតុត្រជាក់មាន ៥០% និងបាតុភូត Neutral ដែលនៅចន្លោះភាពក្តៅ និងត្រជាក់ ៥០ ដែលជាស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យរដូវប្រាំង និងដើមរដូវវស្សានៃឆ្នាំ ២០២១ នឹងមានភាពអំណោយផល។នៅរដូវប្រាំង សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែកនឹងមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែនៅក្នុងខែកុម្ភៈ បណ្តាខេត្តនៅតាមតំបន់វាលទំនាប អាចមានសីតុណ្ហភាពអប្បបរមាចន្លោះ ១៦ ទៅ ១៩អង្សាសេ តំបន់ខ្ពង់រាប និងជួរភ្នំអាចមានសីតុណ្ហភាពចន្លោះ ១៣ ទៅ ១៦អង្សារសេ និងនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពចន្លោះ ១៩ ទៅ ២២អង្សារសេ។

 


ចាប់ពីខែមីនា ដល់ខែសីហា នឹងមានការកើនកម្តៅជាបន្តបន្ទាប់ ដែលក្នុងនោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានសីតុណ្ហភាពកើនដល់ ៣៤ ដល់ ៣៧អង្សារសេ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ អាចកើនដល់ ៣៣ ដល់ ៣៦អង្សារសេ និង តំបន់មាត់សមុទ្រ កើនដល់ ៣០ ទៅ ៣៣អង្សារសេ។

 


ដោយឡែកនៅខែមេសា និងដើមខែឧសភា កម្រិតសីតុណ្ហភាពអាចកើនខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សារសេ។ បរិមាណទឹកភ្លៀងក្នុងឆ្នាំនេះ អាចមានកម្រិតខ្ពស់ជាងរាល់ឆ្នាំ និងនៅចន្លោះខែមីនា ដល់ខែមេសា កម្ពុជាអាចនឹងមានភ្លៀងកក់ខែធ្លាក់ច្រើន និងអាចមានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ។ ចំណែករដូវវស្សា អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១នៃខែឧសភា ហើយនៅដើមរដូវនិងពាក់កណ្តាលរដូវវស្សា អាចមានកម្រិតទឹកភ្លៀងពីមធ្យមទៅច្រើន។ ទោះជាកម្រិតនៃភ្លៀងកក់ខែច្រើនពិតមែន តែបរិមាណទឹកភ្លៀងដែលធ្លាក់មិនទាន់សមល្មមក្នុងការប្រើប្រាស់នៅឡើយទេ។ អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរក្សាទឹកប្រើប្រាស់ដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលពីប្រភពទឹក៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024