ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រសួងធនធានទឹក បន្តអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់

១៤ តុលា ២០២០ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បន្តធ្វើការអំពាវនាវ អោយប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ស្របពេលអាកាសធាតុ មានការប្រែប្រួលជាបន្តបន្ទាប់ ដែលអាចបង្កអោយមានភ្លៀងធ្លាក់ច្រើន ស្ទើរពាសពេញផ្ទៃប្រទេស និងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម។ ​តាមសេចក្តីប្រកាស ប្រទេសកម្ពុជាយើង នឹងបន្ត​ទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបង្កជាភ្លៀង​ផ្គរ ហើយក៏អាចបង្កជាជំនន់ទឹកភ្លៀង រហូតដល់ថ្ងៃទី២០ ខែតុលា​។

 


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនៅថ្ងៃនេះ ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើប្រទេសកម្ពុជា។ ហើយនៅលើប្រទេសចិនខាងត្បូងបានកើតព្យុះទី១៦មានឈ្មោះថា​ណាងកា ហើយបន្តដំណើរចូលដល់ភាគខាងកើតប្រទេសវៀតណាមចាប់ពីថ្ងៃទី១៥ តុលា ហើយព្យុះថ្មីមួយទៀតនឹងកើតឡើងចាប់ពីថ្ងៃទី១៦ ឬ១៧ខែតុលាឆ្នាំ២០២០ជាព្យុះទី១៧មានកម្លាំងខ្លាំងមានឈ្មោះ សូដែល។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ព្យុះនេះនឹងបន្ថយឥទ្ធិពលវិញជាបន្តបន្ទាប់ ដោយឆ្លងចូលប្រទេសកម្ពុជាតាមខេត្តរតនៈគិរីក្នុងកម្លាំងជាវិសម្ពាធ និងវិសម្ពាតទាប។

 


តាមរយៈស្ថានភាពខាងលើ បណ្ដាលអោយបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល, បណ្ដាខេត្តជាប់ជូរភ្នំដងរែក និងភាគឥសាន្តរួមទាំងតំបន់ជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំដោយខ្យល់បោកបក់ និងរលកសមុទ្រធំៗ ដែលក្រសួងបន្តអំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
 
ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេសេកុង សេសាន​ និង​ទន្លេ​ស្រែពក ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​បង្កឡើង​ពី​ទឹកទន្លេ​ទាំង​៣​នេះ​បន្ទាប់ពីមាន​ការ​ហក់ឡើង​ជា​បន្តបន្ទាប់ ក្រោយពី​ឥទ្ធិពល​ព្យុះ​លីនហ្វា (Linfa) និង​ប្រព័ន្ធ​វិសម្ពាធ​ទាប (ITCZ) បាន​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ជាប់​ផ្លូវទឹក និង​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​បណ្ដា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទ៖ សំ ជំនាញ, រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024