ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា អាចមានភ្លៀងបន្តសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន!

១៧ តុលា ២០២០ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី១៥ ខែតុលានេះថា នៅក្នុងប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា នៅបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់បន្ត ពីបង្គួរ ទៅច្រើន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ ព្រមទាំងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

 


តាមការព្យាករ សម្ពាធទាបសកម្ម ដែលកំពុងកើតនៅភាគកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ ខែតុលានេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ ទៅជាព្យុះទី១៧ ឈ្មោះ សូឌែល ដោយធ្វើដំណើរចូលមកប៉ែកខាងលើ ភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា។ ព្យុះនេះ នឹងថមថយឥទ្ធិពល ទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុងប្រទេសកម្ពុជា។


ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា គឺនៅបណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត។

 


រីឯបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពស់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀង ពីបង្គួរ ទៅច្រើន។ ចំណែកតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

 


ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និអ្នកដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។


សេចក្តីជូនដំណឹងថ្មីចុងក្រោយខាងលើនេះ បានធ្វើឡើង ខណៈដែលប៉ុន្មានថ្ងៃមកហើយ និងបន្តដល់ពេលនេះ ខេត្តរាជធានី ចំនួន ១៩ ដែលមាន ២៥៨ឃុំសង្កាត់ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ២០ម៉ឺននាក់ និងស្លាប់ ១៣នាក់។

 


ក្រៅពីនោះ ផ្លូវជាតិសំខាន់ៗមួយចំនួន ត្រូវលិចទឹក ហើយរថយន្តដឹកទំនិញធុនធ្ងន់ ត្រូវបានហាមឃាត់ មិនឲ្យឆ្លងកាត់ផ្លូវជាតិ ដែលលិចទឹកទាំងនោះទេ ដូចជា កំណាត់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាដើម។ 


នៅភ្នំពេញ កំណាត់ផ្លូវលេខ២១៧ ប៉ែកខាងព្រៃស ពីស្តុបចំការដូង ទៅរង្វង់មូលគួស្រូវ ក្នុងរាជធានីភ្នំពេញ ត្រូវជំនន់ទឹកភ្លៀង ជន់លិចខ្លាំង មិនអាចធ្វើចរាចរណ៍បានឡើយ ចាប់តាំងពីយប់មិញមកម្លេះ៕

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024