ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួង អំពាវនាវឲ្យប្រយ័ត្ន ព្រោះទឹកទន្លេមេគង្គនឹងហក់ឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់

២៥ តុលា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយឲ្យដឹងជាបន្តបន្ទាប់អំពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ និងស្ថានភាពអាកាសធាតុ នៅទូទាំងប្រទេស​។ បើតាមក្រសួង ទឹកទន្លេមេគង្គ នឹងហក់ឡើង ហើយភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ដោយសារឥទ្ធិពលវិសម្ពាធ និងឥទ្ធិពលព្យុះ។

 


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ នៅថ្ងៃអង្គារនេះ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់នឹងវិសម្ពាធ ដែលបាន និងកំពុងអូសបន្លាយលើប្រទេសកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភូមិភាគឥសានប្រទេសកម្ពុជា។

 


ក្រសួងបន្តថាស្ថានភាពនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តហក់ឡើងជាលំដាប់ ក្នុងរយៈពេលពី៤ទៅ៦ថ្ងៃខាងមុខ នៅស្ថាននីយជលសាស្រ្តមេគង្គស្ទឹងត្រែង, មេគង្គក្រចេះ, មេគង្គកំពង់ចាម។ យ៉ាងណាក៏ដោយក្រសួងបញ្ជាក់ថាការហក់ឡើងនេះនៅមានកម្រិតទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។

 


បែបនេះក្ដីក្រសួងនៅតែអំពាវនាវ អាជ្ញាធរ ប្រជាពលរដ្ឋ រស់នៅតាមតំបន់ដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ និងត្រូវត្រៀមបើកទឹកបង្ហូរចូលទៅកាន់ស្ទឹង ព្រែក អាង បឹង និងតំបន់ទំនាបនានា។

 


នៅថ្ងៃនេះដែរ ក្រសួងធនធានទឹក ក៏បានចេញសេចក្ដីជូនដំណឹងដាច់ដោយឡែកមួយទៀតអំពីស្ថានភាពអាកាសធាតុ ដោយអះអាថាពេលនេះកម្ពុជាកំពុងទទួលនូវខ្យល់មូសុងនិរតិកម្រិតមធ្យម និងប្រព័ន្ធសម្ពាធទាបកំពុងអូសបន្លាយពីលើស្របពេលដែលព្យុះសូដែលអាចនឹងកើតមាននៅលើប្រទេសហ្វីលីពីនឆ្ពោះមកកាន់វៀតណាមប៉ែកខាងជើងនាថ្ងៃទី២៥ដល់២៦តុលា។

 


បើតាមក្រសួងស្ថានភាពនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល តំបន់ជាប់ជួរភ្នំដងរែង ខ្ពង់រាបឥសាន និងតំបន់មាត់សមុត្រមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម និងបង្គួរ។ ក្រសួងបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពនេះ ពិសេសពីថ្ងៃទី២៤ដល់​២៨ខែតុលា អាចនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមទ្រ៕

 

អត្ថបទ៖ រ៉េន រតនៈ ​រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024